(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិកនៃប្រទេសអាមេរិក និងចិន នៅតែបន្តនាំមុខកំពូលតារាងដាច់ដដែល ពីការឈ្នះមេដាយនៅ Rio Olympic 2016 បានច្រើនជាងគេ គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី១៣នេះ។

គេហទំព័រផ្លូវការ Rio 2016 បានបង្ហាញថា អត្តពលិករបស់ប្រទេសមហាអំណាចអាមេរិក បន្តនាំមុខគេដាច់ដដែល ដែលឈ្នះមេដាយកើនរហូតដល់ ៤១គ្រឿង មានមេដាយមាស១៦ ប្រាក់១២ និងមេដាយសំរឹទ្ធ១៣គ្រឿង គ្រាដែលចិន បន្តឈរនៅលេខ២ ដដែលដោយឈ្នះបានមេដាយ ៣៦គ្រឿង និងជប៉ុនលេខ៣ ឈ្នះមេដាយ២៥គ្រឿង។

គ្រប់អត្តពលិកមកពីបណ្តាប្រទេសនានានៅមានឱកាសប្រកួតប្រជែងដណ្តើមមេដាយតែ ៨ថ្ងៃទៀតប៉ុណ្ណោះ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ គ្រាដែលកម្ពុជា នៅពុំទាន់ឈ្នះមេដាយ១គ្រឿងនៅឡើយទេ តែនៅសល់កីឡា៣ប្រភេទទៀតមិនទាន់ប្រកួត រួមមានកីឡាបោកចំបាប់ កីឡាអត្តពលកម្ម និងកីឡាតេក្វាន់ដូ៕