(ស្វាយរៀង)៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសតែងតាំងលោក សរ សុដានី និងលោក ម៉ែន កល្យាណ ជាអភិបាលរងខេត្តស្វាយរៀង។
លោក ប៉េង ពោធិសា បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សូមចូលរួមអបអរសាទរ និងមានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកអភិបាលរងខេត្តថ្មី នឹងអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែក ធ្វើឲ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរ ជាក់ស្តែងពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ប្រាក់ សំអឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបានសន្តិសុខសណ្ដាប់ សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក។
បន្ថែមលើសពីនេះ លោករដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្តដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត។
ទន្ទឹមនោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនជាដើម។
សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យ កាលពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២០២៣ បានតែងតាំង លោក ម៉ែន កល្យាណ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ជាអភិបាលរងខេត្តស្វាយរៀង និងលោក សរ សុដានី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ជាអភិបាលរងខេត្តស្វាយរៀង៕