(កំពង់ចាម)៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្តេជ្ញា និងជំរុញឱ្យគណៈកម្មការ និងអនុគណៈកម្មការពន្លឿន ដោះស្រាយផលប៉ះពាល់ឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមហ៊ុន ដំណើរការសាងសង់ ពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជា៤គន្លងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

លោករ លឹម ស៊ីដេនីន បានលើកឡើងដូច្នេះ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ខណ:ពេលរូបលោក និងលោក អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ ដោះស្រាយផលប៉ះពាល់គម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម)។

រដ្ឋលេខាធិការ បានថ្លែងថា មកដល់បច្ចុប្បន្ននេះ គណៈកម្មការ និងអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំរួមគ្នាធ្វើការដោះស្រាយ ដើម្បីឱ្យក្រុមហ៊ុន ចាប់ផ្តើមដំណើរការសាងសង់ បានក្នុងការងារសាងសង់ ពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ឮ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំពិភាក្សានេះ សូមឱ្យគណៈកម្មការ និង អនុគណៈកម្មការដោះស្រាយផលប៉ះពាល់ និងភាគីពាក់ព័ន្ធទាំងអស់ សហការគ្នា ធ្វើការដោះស្រាយផលប៉ះពាល់ ដើម្បីឱ្យក្រុមហ៊ុន ចាប់ផ្ដើមដំណើរការសាងសង់ផ្លូវ ទៅតាមពេលវេលាដែលបានកំណត់។

បើតាមតំណាងក្រុមហ៊ុន CRBC បានឱ្យដឹងថា គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើម ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងសរុប ៤៥,៥០៤គីឡូម៉ែត្រ។

គម្រោងនេះ គឺលើកគុណភាពផ្លូវ ពីផ្លូវជាតិកម្រិតលេខ២ មកជាកម្រិតផ្លូវជាតិលេខ១ ដែលរចនាល្បឿនកំណត់ ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយពង្រីកផ្លូវ ទៅជា៤កន្លង ទៅ-មក ចំណុចគីឡូម៉ែត្រ០ ដល់គីឡូម៉ែត្រ១ ក្នុងទីប្រជុំជនស្គន់ និងចំណុចគីឡូម៉ែត្រ៤៣ បូក៣០០ ដល់គីឡូម៉ែត្រ៥០០ បូក៥០០ ក្នុងក្រុងកំពង់ចាម ការរចនាទទឹងផ្លូវ មានប្រវែង ២០,៥ម៉ែត្រ និងសម្រាប់ទីតាំងក្រៅពីនេះ គឺមានទទឹងផ្លូវប្រវែង ២៤.៥ម៉ែត្រ៕