(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃសម័យប្រជុំ លើកទី៣៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

សម័យប្រជុំបានពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន ៧ ក្នុងនោះរបៀបវារៈទី១ មានការសម្រេចស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល។

សម័យប្រជុំបានពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន៧ ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យ សម្រេច តែងតាំងប្រធានតុលាការកំពូល និងការពិនិត្យ សម្រេច អំពីការផ្ទេរ តែងតាំងប្រធាន អនុប្រធាន និងចៅក្រម មួយចំនួន៖ អង្គប្រជុំបានសម្រេចយល់ព្រមស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា និងការផ្ទេរ តែងតាំងមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រមចំនួន៤៧រូបផ្សេងទៀតនៅតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត។

របៀបវារៈទី២៖ ពិគ្រោះយោបល់ លើសំណុំផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មួយចំនួនតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ អង្គប្រជុំបានផ្តល់យោបល់យល់ព្រម លើសំណើផ្ទេរ និងតែងតាំងមុខតំណែងអគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង សរុបចំនួន ២៥រូប នៅមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងនៅតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។

របៀបវារៈទី៣៖ ពិនិត្យ និងសម្រេច លើសំណើសុំដាក់ ឲ្យនៅទំនេរគ្មានបៀវត្សរយៈពេល ០២ឆ្នាំ របស់ចៅក្រម០១រូប នៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ៖ អង្គុប្រជុំបានសម្រេចអនុញ្ញាត ឲ្យលោកស្រី រស់ បូផាណា ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រយៈពេល ២(ពីរ) ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

របៀបវារៈទី៤៖ ពិនិត្យ និងសម្រច អំពីសំណើសុំចូលបម្រើការងារនៅអង្គភាពដើមវិញ របស់លោក អ៊ុត សម្ផស្ស អតីតអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ៖ អង្គប្រជុំបានសម្រេចអនុញ្ញាតឲ្យលោក អ៊ុត សម្ផស្ស ចូលបំពេញមុខងារជាចៅក្រមនៅអង្គភាពដើមវិញ និងស្នើតែងតាំងមុខតំណែងជាអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ។

របៀបវារៈទី៥៖ ពិនិត្យ និងសម្រេចលើសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រម ចំពោះចៅក្រមកម្មសិក្សាចំនួន ៤០រូប៖ អង្គប្រជុំបានសម្រេចយល់ព្រមលើសំណើសុំតាំងស៊ប់ចំពោះចៅក្រមកម្មសិក្សា ៤០រូប ដោយស្ថិតក្នុងឋានន្តរស័ក្ដិជាអនុចៅក្រម ថ្នាក់លេខ៤ នៃក្របខណ្ឌចៅក្រម តចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នឹងចាត់ឲ្យទៅបំពេញការងារនៅសាលាដំបូងរាជធានី-ខេត្ត។

របៀបវារៈទី៦៖ ពិគ្រោះយោបល់ លើសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញា ចំពោះព្រះរាជអាជ្ញារងកម្មសិក្សាចំនួន ១៦រូប តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ អង្គប្រជុំបានផ្តល់យោបល់ យល់ព្រមលើសំណើ សុំតាំងស៊ប់ចំពោះព្រះរាជអាជ្ញារងកម្មសិក្សា ១៦រូប ដោយស្ថិតក្នុងឋានន្តរស័ក្តិជាអនុព្រះរាជអាជ្ញា ថ្នាក់លេខ៤ នៃក្របខណ្ឌព្រះរាជអាជ្ញា គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ និងចាត់ឲ្យទៅបំពេញការងារនៅអយ្យការអមសាលាដំបូងខេត្ត។

របៀបវារៈទី៧៖ បញ្ហាផ្សេងៗ ចំពោះរបៀបវារៈនេះ ដោយយោងទៅលើការចាំបាច់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទូលស្នើសុំអង្គប្រជុំដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ អំពីការស្នើតែងតាំងជាចៅក្រមកម្មសិក្សា និងជាព្រះរាជអាជ្ញារងកម្មសិក្សា ចំពោះសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១០ចំនួន ៥៥រូប នៃសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយក្នុងនោះមានសិស្សចៅក្រមចំនួន ៣៥រូប និងសិស្សព្រះរាជអាជ្ញាចំនួន ២០រូប ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនប្រកបដោយជោគជ័យ។

ជាលទ្ធផលអង្គប្រជុំបានឯកភាពយល់ព្រម ស្នើតែងតាំងជាចៅក្រមកម្មសិក្សា និងជាព្រះរាជអាជ្ញារងកម្មសិក្សា និងចាត់ឲ្យទៅបំពេញកម្មសិក្សានៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត៕