(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១,៨៤៥គ្រួសារ នៃក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានទទួលអំណោយមនុស្សធម៌ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ការចុះសួរសុខទុក្ខ និងផ្ដល់អំណោយខាងលើនេះ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមន្រ្តីតំណាងពីកាកបាទក្រហមកម្ពុជា មានលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី៤-៥ ខែតុលា នៅស្រុកកណ្តៀង (៩២៥គ្រួសារ) និងក្រុងពោធិ៍សាត់ (៣៧៥គ្រួសារ) និងលោកវេជ្ជ. អ៊ុយ សំអុន នាយករង នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី ៦-៧ ខែតុលា នៅស្រុកភ្នំក្រវាញ (៣២០គ្រួសារ) និងស្រុកវាលវែង (២២៥គ្រួសារ)។

ការផ្ដល់អំណោយខាងលើនេះបានធ្វើឡើងបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១,៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦ នៃក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

សូមជម្រាបថាគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងខាងលើនេះ ក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ទឹកស៊ីអ៊ីវ ឬទឹកត្រី ៦ដប ដែលគិតសរុបជាថវិកា ៦៦,៨៨៨,០០ដុល្លារអាមេរិក៕