(សៀមរាប)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ច និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានផ្ញើមកកាន់អង្គភាព Fresh News នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ឲ្យដឹងថា មានករណីបាត់ភ្ញៀវទេសចរណ៍បរទេសជនជាតិបារាំងមួយគ្រួសារ០៤នាក់ និងមគ្គុទ្ទេសទេសចរណ៍ម្នាក់ ដែលនៅលេងនៅរមណីដ្ឋានក្បាលស្ពាន នៅខេត្តសៀមរាប ហើយបានបាត់ដំណឹង តាំងពីរសៀលថ្ងៃសុក្រ រហូតដល់ពេលនេះ(យប់ថ្ងៃសុក្រ) នៅមិនទាន់រកឃើញនៅឡើយ។
ព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ជនជាតិបារាំងមួយគ្រួសារនោះមាន៤នាក់ (ឳពុក,ម្តាយ និងកូនស្រី២នាក់ អាយុខ្ទង១៦-២០ឆ្នាំ) ស្នាក់នៅសណ្ឋាគារ Please Villa ស្ថិតនៅកែងផ្លូវសុខសាន្ត ក្រុងសៀមរាប។ ភ្ញៀវទេសចរណ៍នោះជាភ្ញៀវធួរ តាមរយៈក្រុមហ៊ុន ឥណ្ឌូឆាយណា។ ចំណែកអ្នកបើកឡានដឹកភ្ញៀវ និងមគ្គុទេស(អ្នកបកប្រែភាសាបារាំង) ទៅកាន់រមណីដ្ឋានក្បាលស្ពានោះ មានឈ្មោះ ម៉ៅ សុភាព កាន់លេខទូរស័ព្ទ ០៩៨ ២៩៨ ៥៦៨។
ព័ត៌មានពីសមត្ថកិច្ចសៀមរាប ដែលអង្គភាព Fresh News ទទួលបាននៅយប់ជ្រៅថ្ងៃសុក្រ បានរៀបរាប់ហេតុការណ៍ថា៖
នៅម៉ោង០៧៖៣០នាទីព្រឹក អ្នកបើករថយន្តឈ្មោះ ម៉ៅ សុភាព បានដឹកភ្ញៀវ និងមគ្គុទ្ទេសទៅទស្សនារមណីដ្ឋានក្បាលស្ពាន ទៅដល់ម៉ោង០៩៖០០នាទី ភ្ញៀវ និងមគ្គុទ្ទេសបានកម្មង់បាយម្ហូបទុក នៅជើងភ្នំ រួចហើយបានប្រាប់ថា យ៉ាងយូរម៉ោង១៣៖០០នាទីរសៀល និងចុះមកញាំបាយវិញ លុះដល់ម៉ោង១២៖០០នាទីមគ្គុទេស បានទូរស័ព្ទប្រាប់ថា វង្វេងផ្លូវហើយតៃកុងឡានបានឲ្យជួបនគរបាលដែលប្រចាំការនៅខាងក្រោម និយាយបានបន្តិចក៏ដាច់ការទាក់ទង រហូតដល់ពេលនេះក៏នៅតែមិនឃើញ។ នៅពេលនេះទាំងនគរបាល និងឆ្មាំ កំពុងតែដើររក តែមិនទាន់មានដំណឹងនៅឡើយ៕