(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បានសហការជាមួយនឹងក្រុមហ៊ុនទេសចរណ៍កូរ៉េ (Tour Fresh) រៀបចំអាហារសាមគ្គី ដើម្បីជំរុញទេសចរណ៍ក្នុងខេត្តឲ្យកាន់តែប្រសើរឡើង និងដើម្បីលើកស្ទួយសេដ្ឋកិច្ចឲ្យល្អប្រសើរផងដែរ។ ពិធីនេះដែរធ្វើឡើងក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបតំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត នឹងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ និងក្រុមហ៊ុនទេសចរណ៍កូរ៉េ ព្រមទាំងភ្ញៀវទេសចរណ៍ជនជាតិជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងកាសនោះដែរ លោក ពិន ប្រាកដ បានបញ្ជាក់ថា ក្នុងនាមគណៈអភិបាលខេត្ត សូមសម្តែងការសប្បាយរីករាយ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ភ្ញៀវទេសចរណ៍កូរ៉េ ដែលមានវត្តមានក្នុងខេត្តសៀមរាបនាឱកាសនេះ បន្ទាប់ពីវិបត្តិកូវីដ-១៩កន្លងទៅថ្មីៗ នេះជាវត្តមានដំបូងនូវភ្ញៀវទេសចរណ៍កូរ៉េ ដ៏ច្រើនសន្ធឹកសន្ធាប់នៅលើទឹកដីខេត្តសៀមរាប។

លោក ពិន ប្រាកដ បានបន្តថា ថ្វីដ្បិតតែអាកាសធាតុមានភ្លៀងធ្លាក់បន្តិចក៏ដោយ ក៏ប៉ុន្តែជាការត្រជាក់ត្រជុំ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរណ៍កូរ៉េ ដែលមានវត្តមានលើទឹកដីអច្ឆរិយៈនេះ។ លោកក៏សូមថ្លែងអំណរគុណចំពោះវត្តមានរបស់ភ្ញៀវទេសចរណ៍ទាំងអស់ ជាពិសេសភ្ញៀវទេសចរណ៍របស់កូរ៉េ ដែលមានវត្តមាននៅថ្ងៃនេះ ហើយពួកគាត់មិនត្រឹមតែមកទស្សនាប្រាសាទប៉ុណ្ណោះទេ ពួកគាត់ក៏បានឆ្លៀតពេលវេលាដ៏មានតំលៃ បានពាំនាំនូវអំណោយជាសម្ភារៈសិក្សាមួយចំនួន ដើម្បីចែកជូនដល់សិស្សានុសិស្សនៅតាមទីជនបទផងដែរ។

លោក ក៏សង្ឃឹមថា បន្ទាប់ពីវត្តមានរបស់ភ្ញៀវទេសចរណ៍ទាំងអស់នៅថ្ងៃនេះ នៅពេលដែលពួកគាត់ត្រឡប់ទៅវិញ និងជួយផ្សព្វផ្សាយអំពីភាពស្រស់ស្អាតពីទីក្រុងសៀមរាបដល់បងប្អូនជនជាតិកូរ៉េ ឲ្យមកទស្សនាខេត្តសៀមរាប ឲ្យបានកាន់តែច្រើនជាងនេះទៅទៀត។ លោកក៏សូមជូនពរនូវការស្នាក់នៅក្នុងខេត្តសៀមរាប និងដំណើរត្រឡប់ទៅវិញឲ្យជួបតែសុខ និងសុវត្ថភាពផងដែរ។

ដោយឡែក លោក អេង ណាំ អ្នកសម្របសម្រួលកម្មវិធីដំណើរកម្សាន្តរបស់ទេសចរណ៍កូរ៉េ បានឲ្យដឹងថា ភ្ញៀវទេសចរណ៍កូរ៉េ បានទៅទស្សនានៅតាមប្រាសាទជាច្រើនក្នុងតំបន់អង្គរ និងរមណីយដ្ឋានផ្សេងៗទៀត ជាពិសេសពួកគាត់បានទៅចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សជាច្រើន នៅសាលាបឋមសិក្សា ក្នុងស្រុកពួក ខេត្តសៀមរាបផង​ដែរ។

លោក អេង ណាំ បាន​បន្តថា ភ្ញៀវទេសចរណ៍កូរ៉េ ដែលបានមក​កម្សាន្តក្នុង​ខេត្តសៀមរាបនេះ ពួកគាត់បានប្រើប្រាស់នូវសេវាកម្មជាច្រើន មានដូចជា៖ សណ្ឋាគារ ឡាន មគ្គទេសចរ ភោជនីយដ្ឋាន ហើយពួកគាត់បានទិញនូវវត្ថុអនុស្សាវរីយ៍មួយចំនួនផងដែរ ទាំងនេះហើយ ដែលជាចំណូលបានមកពីទេសចរណ៍ និហជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប កាន់ល្អប្រសើរផងដែរ។

លោកបានបញ្ជាក់ថា អាហារសាមគ្គីនេះ គឺដើម្បីផ្សព្វផ្សាយ អំពីគោលដៅទេសចរណ៍របស់កម្ពុជា ដល់ប្រជាពលរដ្ឋកូរ៉េ ជាពិសេស គឺខេត្តសៀមរាប ដែលមានប្រាសាទជាច្រើនដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រសាទតាព្រហ្ម និង​ប្រាសាទផ្សេងៗទៀត ព្រមទាំងរមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្រ្តជាច្រើនទៀតផងដែរ។ បន្ទាប់ពីព្រលានយន្តហោះថ្មីខេត្តសៀមរាបបើកដំណើរការ និងមានជើងយន្តហោះជាច្រើនចុះផ្ទាល់ក្នុងខេត្តសៀមរាប ហើយភ្ញៀវទេសចរណ៍កាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលសំបូរទៅដោយប្រាសាទជាច្រើន ដែលគួរឲ្យទាក់ទាញទេសចរណ៍ ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរផងដែរ៕