(ភ្នំពេញ)៖ ព្រោះតែស្រលាញ់ និងចង់រក្សាឧបករណ៍តន្ត្រីបុរាណខ្មែរ លោកព្រឹទ្ធាចារ្យចាប៉ី អួង សឿន ធ្លាប់យកចាប៉ីទៅលាក់លើចុងត្នោត នៅសម័យខ្មែរក្រហម។ នៅឆ្នាំ២០២៣នេះ លោកព្រឹទ្ធាចារ្យ បានយកចាប៉ីនោះ ទៅសម្តែងនៅមហោស្រពចាប៉ីដងវែងទូទាំងប្រទេស។

ទោះបីជាចាប៉ីមានវ័យចំណាស់ជាងគេ និងមានខ្សែយារ និងការច្រៀងមិនសូវលឺដោយសារលោកមានវ័យជរាហើយនោះ ក៏គេអាចឃើញសមត្ថភាពដេញចាប៉ី និងការរកពាក្យច្រៀងភ្លាមៗរបស់លោក មានអត្ថន័យ និងគួរឲ្យចាប់អារម្មណ៍ឥតឧបមា។

លោកព្រឹទ្ធាចារ្យចាប៉ី អួង សឿន បានឲ្យដឹងថា មានវ័យ ៨២ឆ្នាំទៅហើយ រីឯចាប៉ីបុរាណរបស់គាត់ក៏ចាស់ណាស់ដែរ គឺមានវ័យ ៦៦ឆ្នាំឯណោះ។ ព្រឹទ្ធាចារ្យមកពីខេត្តពោធិ៍សាត់រូបនេះ គឺជាម្ចាស់ជ័យលាភីលេខ៣ មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ដែលបានធ្វើឡើងកាលពីឆ្នាំ២០២១។

តាមរយៈការច្រៀងចាប៉ីរបស់លោក អួង សឿន មូលហេតុដែលលោកចង់រក្សាចាប៉ីនេះ ក៏ព្រោះតែពាក្យស្លោកមួយម៉ាត់ថា «វប្បធម៌រលត់ ជាតិរលាយ»។ លោកបានសម្តែងក្តីរីករាយជាខ្លាំង ដែលបានបង្ហាញសមត្ថភាពលើឆាកដ៏ធំបែបនេះ។

លោក អ៊ុក រក្សា អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ព្រឹទ្ធាចារ្យចាប៉ី អួង សឿន គឺជាមរតកមនុស្សរស់មួយរូប ដែលគួរឲ្យគោរព និងកោតសរសើរ។ លោក អួង សឿន គឺជាចំណែកមួយ ដែលជួយរក្សាឧបករណ៍ចាប៉ីដងវែង ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។

សូមជម្រាបថា មហោស្របចាប៉ីដងវែង តែងតែត្រូវបានធ្វើជារឿយៗ ដែលជាព្រឹត្តិការណ៍វប្បធម៌មួយមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយសិល្បៈចាប៉ីដងវែង ដែលជាទម្រង់មរតក វប្បធម៌អរូបីដ៏ចំណាស់មួយរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ឱ្យបានស្ថិតស្ថិរជាអមតៈក្នុងបេះដូងកូនខ្មែរ គ្រប់រូបក្នុងគោលបំណងថែរក្សានូវក្បួនខ្នាតនៃទម្រង់សិល្បៈចាប៉ីដងវែងឱ្យបានគង់វង្ស និងរីកចម្រើនថ្កុំថ្កើងទៅអនាគត។

មួយវិញទៀត មហោស្រពនេះក៏ជាការផ្តល់នូវកាលានុវត្តភាព ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព និងគុណភាពក្នុងអាជីពសិល្បករ សិល្បការិនីចាប៉ីដងវែង សម្តៅអភិរក្សទម្រង់សិល្បៈចាប៉ីដងវែងឱ្យបានគង់វង្ស ធានាការបន្តវេនទៅអ្នកជំនាន់ក្រោយ ព្រមទាំងអាចទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបម្រើសេចក្តីត្រូវការរបស់មហាជនផងដែរ៕