(ភ្នំពេញ)៖ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា ព្រមទាំងមាតាបិតា បុត្រា បុត្រី ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទាំងអស់ បានមូលមតិគ្នា អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តបទុមវតី។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលតែប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រារព្ធធ្វើឡើង ដើម្បីទ្រទ្រង់ព្រះសង្ឃគង់ចាំព្រះវស្សាតាមទីអារាមនានាក្នុងរដូវវស្សា ដែលជួបការលំបាកក្នុងការនិមន្តបិណ្ឌបាត្រ។ មួយវិញទៀត ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាការបង្ហាញនូវកតញ្ញូគុណចំពោះអ្នកមានឧបការគុណរួមមានឪពុកម្តាយ ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ គ្រូបាចារ្យជាដើម។ បន្ថែមពីលើនោះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលកូនចៅជួបជុំធ្វើបុណ្យនៅតាមទីអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ជីដូនជីតា និងបុព្វការីជន ដែលបានធ្វើមរណកាលទៅ។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង មាតាបិតា បុត្រាបុត្រី ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់ បានរៀបចំធ្វើឡើងជាលំដាប់លំដោយតាមលំអានប្រពៃណីរបស់ខ្មែរ។ នៅរសៀលថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង មាតាបិតា បុត្រាបុត្រី ព្រមទាំងបុគ្គលិកទាំងអស់ បានជួបជុំគ្នាសូត្រមន្ត។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានបូជាទៀនធូប និងផ្កាផ្ញីថ្វាយដល់ព្រះរតនត្រ័យ។ បន្ទាប់មកលោកតាអាចារ្យបានដឹកនាំនមស្សការសមាទានសីល និងនិមន្តព្រះសង្ឃសូត្រមន្តបន្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋាន។
ក្រៅតែពីសូត្រមន្តបង្សុកូលហើយនោះ ព្រះសង្ឃប្រមាណជា ១៨អង្គដឹកនាំដោយសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ បានសូត្រពុទ្ធជ័យប្រោសព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរកើតមានដល់អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី បុគ្គលិកប្រុសស្រី គ្រប់រូបដែលមានសទ្ធាជ្រះថ្លា ចូលរួមកាន់បិណ្ឌទី១០ នៅវត្តបទុមវតី។
បន្ទាប់ពីការរៀបចំពិធីសូត្រមន្តរួចរាល់ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បាននិមន្តព្រះតេជគុណ ពេញ វិបុល សម្តែងព្រះធម្មទេសនាស្តីអំពីការប្ររព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាអានិសង្ឃ កុសលផលបុណ្យកើតចេញពីការធ្វើ និងប្រណិប័តន៍នូវសេចក្តីល្អ។ ព្រះតេជគុណ ពេញ វិបុល បានលើករឿងជាច្រើនក្នុងព្រះត្រៃបិតកមកសម្តែងបង្ហាញឱ្យឃើញពីកុសលផលបុណ្យទាំងឡាយ កើតមានព្រោះតែប្រព្រឹត្ត និងធ្វើនូវសេចក្តីល្អជាឧបនិស្ស័យទាំងអតីតជាតិ និងបច្ចុប្បន្នជាតិ។
លុះដល់ព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី និងបុគ្គលិកទាំងអស់ បានជួបជុំគ្នារៀបចំពិធីប្រគេនទេយ្យទានមានចង្ហាន់ ស្លាដក់ បច្ច័យ និងគ្រឿងឧបភោគបរិភោគនានា ប្រគេនដល់ព្រះសង្ឃ។ បន្ទាប់ពីនោះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី និងបុគ្គលិកទាំងអស់ បានរួមគ្នាធ្វើពិធីរាប់បាត្រ។ បន្ទាប់ពីពិធីរាប់បាត្រហើយនោះ លោកតាអាចារ្យ ក៏បានដឹកនាំពិធីវេរចង្ហាន់ និងទេយ្យទានទាំងឡាយប្រគេនដល់ព្រះសង្ឃ ព្រមទាំងបានឧទ្ទិសមហាកុសលទាំងឡាយជូនដល់បុព្វការីជន ដែលបានធ្វើមរណកាល។
ក្នុងពិធីកាន់បិណ្ឌទី១០នេះ ក្រៅតែបំពេញទានតាមលំអានប្រពៃណីព្រះពុទ្ធសាសនាហើយនោះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានបំពេញទានជាមួយលោកតាលោកយាយ ក៏ដូចជាសិស្សានុសិស្សដែលកំពុងស្នាក់នៅក្នុងវត្តផងដែរ។ ពិធីបុណ្យកាន់បិណ្ឌទី១០ ត្រូវបានបញ្ចប់ទៅដោយបរិយាកាសសប្បាយរីករាយ និងពោរពេញដោយទឹកចិត្តជ្រះថ្លាជាទីបំផុត។
សូមបញ្ជាក់ថា ក្នុងពិធីកាន់បិណ្ឌទី១០នេះ ទេយ្យទានដែល អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងក្រុមគ្រួសារ និងបុគ្គលិកក្រុមហ៊ុន ទ្រី ភាព គ្រុប ប្រគេនដល់ព្រះសង្ឃនោះរួមមាន៖ អង្ករ ២តោន មីកញ្ចប់ ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ ទឹកសុទ្ធ ២០កេស ទឹកត្រី ១០កេសធំ ទឹកស៊ីអ៉ីវ ១០កេសធំ។ បច្ច័យប្រគេនសម្ដេចព្រះសង្ឃរាជ៨លានរៀល គ្រូសូត្រឆ្វេង-ស្ដាំ ៣,៦លានរៀលក្នុងមួយអង្គ ព្រះសង្ឃសូត្រមន្ត ១៨អង្គ ២០ម៉ឺនរៀលក្នុងមួយអង្គ ព្រះសង្ឃ ៤៥១អង្គ បច្ច័យ ៥ម៉ឺនរៀលក្នុងមួយអង្គ តាជីយាយជី-សិស្ស-និស្សិត ៥០នាក់ អំណោយ ៥ម៉ឺនរៀលក្នុងម្នាក់ ភ្លេងពិណពាទ្យមួយវង់ ១លានរៀល និងបច្ច័យតម្កល់វត្ត ៤០លានរៀល (សរុប ១០៨,២៥០,០០០រៀល)។
ក្រៅពីបច្ច័យខាងលើ ពុទ្ធបរិស័ទ និងក្រុមការងារក្រុមហ៊ុន ក៏មានសទ្ធាចូលបច្ច័យបន្ថែមចំនួន ១៧,០៨០,០០០រៀល និង ៣៧,៣៩៣ដុល្លារ សម្រាប់ប្រគេនដល់វត្តតម្កល់ទុកកសាងសមិទ្ធិផលនានាក្នុងវត្តបទុមវតីរាជវរារាមជាបន្តទៀត៕