Update: ពួក ISIS ចាប់ជំរិតមនុស្ស ២,៥០០នាក់ ជាខែលដើម្បីភៀសកម្លាំង ចេញពីព្រំដែនតួកគី
12-08-2016 23:21
(ដាម៉ាស់)៖ សេចក្តីរាយការណ៍ពីសារព័ត៌មាន ក្នុងស្រុកស៊ីរីឲ្យដឹងថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS បានចាប់ជំរិតប្រជាជនចំនួន ២,៥០០នាក់ ទាំងកម្រោលនៅខេត្តភាគខាងជើង ប្រទេសស៊ីរី ដើម្បីយកជនស្លូតត្រង់ទាំងនោះធ្វើជា ខែលការពារ រួចកម្លាំងរបស់ពួក ISIS ក៏ចាប់ផ្តើមដកចេញពីតំបន់ Manbej ភាគខាងជើង ប្រទេសស៊ីរី ដែលស្ថិតនៅក្បែរព្រំដែន ប្រទេសតួកគី នោះតែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦។
រថយន្តពួក ISIS សរុបជាង ៥០០គ្រឿង បានដឹកសុទ្ធតែក្រុមសកម្មប្រយុទ្ធ និងជនស៊ីវិលដែលត្រូវបាន ពួកគេចាប់ជាចំណាប់ខ្មាំងចំនួន ២,៥០០នាក់។ ISIS បានថមថយកម្លាំងជាខ្លាំងនៅតំបន់ Manbej នៃខេត្ត Aleppo ភាគខាងជើងប្រទេសស៊ីរី ដែលជាទីតាំងចុងក្រោយ របស់ពួកគេនៅក្នុងតំបន់ ដែលជាប់នឹង ព្រំដែនតួកគីនេះ។ ពួក ISIS ក៏បានបាញ់សម្លាប់ប្រជាជនមួយចំនួន ដែលព្យាយាមរត់ចេញពីក្បួន ចំណាប់ខ្មាំងនោះផងដែរ។
យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថា តើពេលណាដែលក្រុម ISIS នឹងដោះលែងជនស៊ីវិលទាំងនោះ ត្រឡប់មកវិញទេ៕