(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានធ្វើការចរចា និងព្រមព្រៀងខ្ចីប្រាក់ ៤,៤៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក ពីម្ចាស់កម្ចីបរទេសនានា នៅក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៦នេះ។ នេះបើតាម របាយការណ៍ពីក្រសួងហិរញ្ញវត្ថុវៀតណាម ដែលសារព័ត៌មានស៊ិនហួរ ដកស្រង់នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។
ចាប់តាំងពីដើមឆ្នាំ២០១៦ វៀតណាម បានចុះហត្ថលេខាលើឯកសារចំនួន៦ ដើម្បីខ្ចីប្រាក់ពី ស្ថានប័នផ្តល់កម្ចីបរទេសចំនួន៦ ក្នុងនោះរួមទាំងធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីផងដែរ។
គិតត្រឹមថ្ងៃទី២៥ ខែកក្កដា កន្លងទៅនេះ រដ្ឋាភិបាលវៀតណាមបានចាយប្រាក់អស់ ២ពាន់លានដុល្លារ សហរដ្ឋអាមេរិករួចមកហើយ ក្នុងចំណោមប្រាក់ជំនួយទាំងអស់ដែលបានខ្ចីពីបរទេស។
គួរបញ្ជាក់ថាគិតត្រឹមខែកក្កដា ឆ្នាំ២០១៦ រដ្ឋាភិបាលវៀតណាមទើបតែបាន បានចំណាយប្រាក់ប្រមាណ ៩៥៤,៣លានដុល្លារសហរដ្ឋអាមេរិក ប៉ុណ្ណោះដើម្បីសងបំណុលទៅបរទេសវិញ។ នេះបើតាមរបាយការណ៍ពីក្រសួងហិរញ្ញវត្ថុវៀតណាម៕