(កំពង់ឆ្នាំង)៖ លោក​ ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និង លោកស្រី រួមដំណើរដោយលោក​ កាំង ស្រ៊ុន អតីតសមាជិកក្រុមប្រឹក្សាស្រុក លោក​ ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត លោកស្រី ឈាង សុខា មន្រ្តីមន្ទីរសុរិយោដីខេត្ត​ ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣​នេះ​ បានដឹកនាំប្រជាពុទ្ធបរិស័ទអញ្ជើញកាន់បិណ្ឌទី៩​ នៅវត្តក្រឡាញ់ចាស់ ស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសអញ្ជើញកាន់បិណ្ឌនេះ​ លោក ឡុង ឈុនឡៃ និងព្រមទាំងក្រុមគ្រួសារ និងប្រជាពុទ្ធបរិស័ទបាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។ លោក​ និងក្រុមគ្រួសារ​ ក៏បានចែកថវិកា​ដល់អាចារ្យ គណៈកម្មការ លោកយាយ​ លោកតា និងប្រជាការពារផងដែរ។

បេីតាមព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះជំនួយការសាលាគណខេត្ត​ និងជាព្រះចៅអធិការវត្តក្រឡាញ់ចាស់ មានសង្ឃដីកាបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ ពោលគឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មាន រយៈ ពេល១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២... និងរហូតដល់ថៃ្ងបញ្ចប់ជាថៃ្ងភ្ជុំបិណ្ឌ ហើយពុទ្ធបរិស័ទតែងតែបានដាក់វេនគ្នានាំក្រុមគ្រួសារ ទៅវត្តយកចង្ហាន់ នំ ចំណី ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាមមិនឱ្យដាច់ឡើយ ដើម្បីជាការឧទ្ទិសផល្លានុផល បាយទឹកនំចំណី ជូនដល់ញាតិការទាំង ៧សណ្តានដែលបានចែកឋានទៅ។

បុណ្យភ្ជុំបិណ្ឌនេះដែរ ក៏ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី១៣ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌធំនៅថ្ងៃទី១៤ តុលា ឆ្នាំ២០២៣ ៕