(ភ្នំពេញ)៖ នាថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខនិវត្តជន នៃមន្ទីរសុខាភិបាល និងមន្ទីរផែនការ ដែលបានរៀបចំឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។

ពិធីនេះមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាលខេត្តមន្ទីរអង្គភាពជុំវិញខេត្ត សប្បុរសជន ព្រមទាំងនិវត្តជន ប្រមាណ ចំនួន ២៥០ នាក់។

នាឱកាសនោះ លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងកម្មវិធីជួបសំណេះសំណាល និងសួរសុខទុក្ខនិវត្តជនក្នុងវិស័យសុខាភិបាល និងផែនការ នាពេលនេះ។

ជាមួយគ្នានេះ លោកបានផ្តាំផ្ញើរការសួរសុខទុក្ខសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះលោកអ៊ំ លោកពូ អ្នកមីង ដែលបានអញ្ជើញចូលរួមពិធីផងដែរ។

លោក ហ៊ុន ម៉ានី បានរំលឹកនូវវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន អតីតយុទ្ធជន ដែលបានធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព មានស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

លោកបានគូសបញ្ជាក់ថា ភាពជោគជ័យនៃការដឹកនាំប្រទេសពីបាតដៃទទេរ រហូតមកដល់បច្ចុប្បន្ន គឺកើតចេញពីឆន្ទៈ និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន។

ជាមួយគ្នានេះ លោកបានលើកឡើងថា ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវចងចាំជានិច្ចនូវគំរូវីរភាព ការលះបង់ដែលមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចជូនជាតិមាតុភូមិ។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណជូនចំពោះនិវត្តជនទាំងអស់ដែលបានផ្តល់ឱកាសឱ្យឯកឧត្តម និងក្រុមការងារបានជួបសំណេះសំណាលនាឱកាសនេះ និងបានចូលរួមថតរូបអនុស្សាវរីយ៍ជាមួយគ្នា ក្រោមបរិយាកាសសប្បាយរីរាយ និងស្និទស្នាលជាទីបំផុត៕