(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិត និងហៅទូរស័ព្ទទៅកាន់ក្រុមគ្រួសារសព ដើម្បីសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះមរណភាពនិស្សិត ចាន់ ឧត្តម ដែលទទួលមរណភាព ក្នុងហេតុការណ៍វាយប្រហារ នៅក្នុងតំបន់ហ្កាហ្សា ប្រទេសអ៉ីស្រាអែល។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានចាត់តាំងឲ្យ លោក មែ ស៊ីថន តំណាងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី នាំយកសារលិខិតរំលែកទុក្ខពី សម្តេចធិបតី នាយករដ្ឋមន្ត្រី និងសារលិខិតពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅប្រគល់ជូនគ្រសារសពដោយផ្ទាល់ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ចាន់ ឧត្តម ផងដែរ។

នៅក្នុងសារលិខិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន គឺបានសម្តែងនូវសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ចាន់ ឧត្តម ដែលត្រូវជាកូនប្រុសបង្កើតរបស់ពួកគាត់ និងជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម អាយុ ២៤ឆ្នាំ បានទទួលមរណភាពដោយហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ខណៈកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល។

សម្តេចក៏សូមចូលរួមរំលែកទុក្ខប្រកបដោយក្តីសង្វេគ អនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ លោក ចាន់ ឧត្តម ដែលជាកូនប្រុសចៅប្រុស និងប្អូនប្រុស ជាទីស្រលាញ់របស់ឪពុកម្តាយ ជីដូនជីតា និងបងប្រុសស្រីបង្កើតទាំងអស់ ហើយនេះ ក៏ជាការបាត់បង់ធនធានមនុស្សដ៏មានសក្តានុពលមួយរូប ដែលបាននិងកំពុងបំពេញបេសកកម្មសិក្សាបង្កើនកម្រិតសមត្ថភាព ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតនៃយើង។

សម្តេច ក៏សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ចាន់ ឧត្តម សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងសឃ្លាតឡើយ៕