(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតជូនក្រុមគ្រួសារសព ដោយសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះមរណភាពនិស្សិត ចាន់ ឧត្តម ដែលបានទទួលមរណភាព ក្នុងហេតុការណ៍វាយប្រហារ នៅក្នុងតំបន់ហ្កាហ្សា ប្រទេសអ៉ីស្រាអែល។

សាររបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបាន លោក មែ ស៊ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី នាំយកទៅប្រគល់ជូនគ្រសារសពដោយផ្ទាល់ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។

នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខនេះ សម្តេចបានសម្តែងនូវសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ចាន់ ឧត្តម ដែលត្រូវជាកូនប្រុសបង្កើតរបស់ពួកគាត់ និងជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម អាយុ ២៤ឆ្នាំ បានទទួលមរណភាពដោយហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ខណៈកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៉ីស្រាអែល។

សម្តេច ក៏សូមចូលរួមរំលែកទុក្ខប្រកបដោយក្តីសង្វេគ អនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ លោក ចាន់ ឧត្តម ដែលជាកូនប្រុសចៅប្រុស និងប្អូនប្រុស ជាទីស្រលាញ់របស់ឪពុកម្តាយ ជីដូនជីតា និងបងប្រុសស្រីបង្កើតទាំងអស់ ហើយនេះ ក៏ជាការបាត់បង់ធនធានមនុស្សដ៏មានសក្តានុពលមួយរូប ដែលបាននិងកំពុងបំពេញបេសកកម្មសិក្សាបង្កើនកម្រិតសមត្ថភាព ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតនៃយើង។

សម្តេច ក៏សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ចាន់ ឧត្តម សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងសឃ្លាតឡើយ៕