(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនិស្សិតខ្មែរឈ្មោះ ចាន់ ឧត្តម ដែលបានទទួលមរណភាពក្នុងពេលមានការវាយប្រហាររវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា។

មរណភាពរបស់និស្សិត ចាន់ ឧត្តម គឺជាការបាត់បង់ធនធាននិស្សិតដ៏ល្អប្រសើរមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលយើងខ្ញុំសូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត ចាន់ ឧត្តម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបថា បន្ទាប់ពីទទួលដំណឹងអំពីការវាយប្រហារ នៅក្នុងតំបន់ហ្កាហ្សា ប្រទេសអ៉ីស្រាអែល រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់វិធានការតាមដាន និងទំនាក់ទំនងជាប្រចាំជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋ និងនិស្សិតខ្មែរ​នៅទីនោះផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់លេខទំនាក់ទំនង និងអំពាវនាវដល់ពលរដ្ឋ​ និងនិស្សិតខ្មែរនៅទីនោះ ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរអ៉ីស្រាអែល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕