(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញបន្តចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តពុទ្ធោភាវនា ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

លោក ប៉ែន កុសល្យ បានថ្លែងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីនៃព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងដើម្បីឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និង បងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។

ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។

លោកអភិបាលខេត្តឧត្តរមានជ័យ បាននាំយកនូវបច្ច័យកសាងចំនួន៥លានប្រគេនព្រះសង្ឃ និង ទេយ្យទានមានអង្ករចំនួន៣០០គីឡូក្រាម មីចំនួន១០កេស ត្រីខកំប៉ុងចំនួន១កេស ទឹកត្រីចំនួន២០យួរ ទឹកស៊ីអ៊ីវចំនួន២០យួរ ទឹកបរិសុទ្ធវីតាល់ចំនួន១០កេស ទឹកបរិសុទ្ធធម្មតាចំនួន៥០យួរ ភេសជ្ជៈបាកាស និងខារ៉ាបាវចំនួន១០កេស ព្រមទាំងប្រគេនបច្ច័យបួនដល់ព្រះសង្ឃ និងបានចែកជូនថវិកា ដល់លោកយាយ លោកតា ដែលបានចូលរួមជាច្រើននាក់ផងដែរ៕