(បន្ទាយមានជ័យ)៖ ក្មេងជំទង់ៗស្រី៣នាក់ ពេលដែលទឹកកំពុងឡើងស្រើតៗ ហូរធ្កាក់មកពីស្រុកថៃ ស្រាប់តែសុំជីដូន ទៅរកខ្យង ក្តាម ដើម្បីយកមកធ្វើម្ហូប តែអកុសលរអិលជើងធ្លាក់ចូលប្រឡាយទឹកជ្រៅ បណ្តាលឲ្យលង់២នាក់ទៀត បានហែលទៅជួយ ដោយសារអ្នកលង់ទឹកស្រវ៉ាអោបបានទាំង២ជាក់ ក៏លង់ស្លាប់ទាំង៣នាក់យ៉ាងសង្វេក ឪពុកម្តាយបានត្រឹមតែអោបសពកូនយំស្ទើរគាំងបេះដូងស្លាប់។

រឿងរាវនេះ កើតឡើងនៅវេលាម៉ោង៥៖៣០នាទីល្ងាច នាថ្ងៃទី៧ខែ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្នុងប្រឡាយវាលស្រែ ស្ថិតក្នុងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រោយពីសមត្ថកិច្ចចំរុះ រុកស្វែងរកសពយកមកដាក់លើគោក ឪពុកម្តាយសពទាំង៣ ប្រាប់ឲ្យដឹងថា កូនគាត់ទាំង៣នាក់ ទី១៖ មានឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ, ទី២៖ ឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ និងទី៣៖ ឈ្មោះ អឿន សោភា ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។

សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុនោះ តាមការនិយាយរៀបរាប់របស់ឈ្មោះ វ៉ាន់ សុត ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជាយាយជនរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា នៅម៉ោងប្រហែល៤ល្ងាចនោះ ចៅៗ បានសុំគាត់ទៅលេងទឹក និងចាប់ក្តាមខ្យងដើម្បីយកមកធ្វើម្ហូបផង។

ពេលនោះ យាយក៏បានអនុញ្ញាតឲ្យទៅ លុះបណ្តើរគ្នាទៅដល់ ចំណុចកើតហេតុក៏បាននាំគ្នាចុះរាវរាង ខ្យង ក្តាម រហូតជាច្រើនម៉ោង ស្រាប់តែម្នាក់បានធ្លាក់ចូលក្នុងរណ្តៅទឹកជ្រៅ ២នាក់ទៀត បានហែលទៅជួយ ដោយសារតែសពបានស្រវាអោបអ្នកទាំង២ជាប់រើមិនរួច បណ្តាលឲ្យលង់ស្លាប់ទាំង៣តែម្តងទៅ។

លុះដល់ម៉ោងជាង៥ហើយ មិនឃើញចៅទាំង៣មកផ្ទះវិញ មានការសង្ស័យ យាយបានបបួលអ្នកភូមិ សមត្ថកិច្ច និងនគរបាលប៉ុស្តិ៍ ចុះទៅស្វែងរកមនុស្ស លុះទៅកន្លែងកើតហេតុបានឃើញ ខោ អាវ ក្មេងនៅមាត់ប្រឡាយ ក៏ចុះរុករកក្នុងប្រឡាយឃើញសពទាំង៣ ស្រង់យកមកដាក់ និងកាណូតដឹកយកមកផ្ទះ ប្រគល់សពឲ្យម្តាយរាងៗខ្លួន។

ក្រោយពីទទួលបានសពកូនហើយ ឪពុក ម្តាយ យំអោបកូនស្ទើរសន្លប់ ហើយបានរៀបរាប់ទាំងទឹកភ្នែកថា កូនខំចិញ្ចឹមតាំងពីតូចរហូតដល់ធំស្រឡាញ់ស្ទើរលេប ពេលដែលកូនស្លាប់ដោយតក់ក្រហល់យ៉ាងនេះ ឲ្យគាត់ទប់ចិត្តម្តេចបាន។

សពក្មេងស្រីទាំង៣ ត្រូវបានក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះសពរៀងៗខ្លួន៕