(រតនគិរី)៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ លោក សំរិទ្ធ ឌី, លោកហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី, អភិបាលបាលរងខេត្ត, លោកមេបញ្ជាការ មេបញ្ជាការរងកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធាន អនុប្រធានមន្ទីរ បានអញ្ជើញក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយកងកម្លាំងនគរបាល ការពារព្រំដែនប្រចាំទិសភូមិភាគទី១ ចំនួន៣ខេត្ត មាន វរសេនាតូចលេខ ២០៣ , ៦២៣ ខេត្តរតនគិរី វរសេនាតូចលេខ ៣០៣ , ៦២១ ខេត្តមណ្ឌលគិរី វរសេនាតូចលេខ ៧០១ ខេត្តស្ទឹងត្រែង និងទីបញ្ជាការស្រាលប្រចាំភូមិភាគទី១។ ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៦២៣ស្ថិតនៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

នៅក្នុងឱកាសនោះ លោកញ៉ែម សំអឿន អភិបាលខេត្តបានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដប្រចាំទិសភូមិភាគទី១ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចចូលរួមចំណែកការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពប្រជាពលរដ្ឋ  ការពារការលួចឆ្លងដែនខុសច្បាប់ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌលោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព ជាពិសេសប្រជាជនកម្ពុជា ទូទាំងប្រទេសមានមោទនភាព និងកក់ក្តៅបំផុតដែលប្រទេសជាតិមានរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ កើតឡើងចេញពីការ បោះឆ្នោតដោយត្រឹមត្រូវសេរីយុត្តិធម៌ និងប្រជាធិបតេយ្យ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន ក្នុងនិងក្រៅប្រទេសសាទរនឹងគាំទ្រយ៉ាង ពេញទំហឹងព្រមទាំងផ្តល់ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិប្រកបដោយសក្តានុពល ។

លោកក៏បានថ្លែងអំណរគុណ ដល់កងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តរតនគិរីបានខិតខំអនុវត្តតួនាទីភារកិច្ច ដោយយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ ជាកងកម្លាំងមានវិន័យ សណ្តាប់ធ្នាប់ មានក្រមសីលធម៌ និងវិជ្ជាជីវៈដើម្បីសហការការពារបូរណភាពទឹកដី ថែទាំសន្តិសុខ សុវត្ថភាព សណ្តាប់ធ្នាប់សង្គម និងអនុវត្តតាមបទដ្ឋានគតិយុត្តិផ្សេងៗទៀត ព្រមទាំងមានការចូលរួមសហការបានល្អប្រសើរពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុង មូលដ្ឋានបានល្អប្រសើរ។

ក្នុងឱកាសអញ្ជើញសំណេះសំណាល សួរសុខទុក្ខលោក សំរិទ្ធ ឌី ក៏បានពាំនាំយកអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែកជូនដល់កងកម្លាំងវរសេនាតូច ប្រចាំភូមិភាគទី១ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះរួមមាន មី៥២ កេសធំ , ត្រីខ២៧ កេសធំ , ទឹកក្រូច ៦៦ កេស , ស្រាបៀរ ១៣៧ កេស និងថវិកា ២៨,០០០,០០០ លានរៀល សម្រាប់បែងចែកទៅតាមអង្គភាព នីមួយៗ ផងដែរ៕