(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានលោកឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ជាប្រធាននោះបានស្នើ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ឲ្យចាត់បញ្ជូនមន្រ្តីរបស់ក្រសួងចូលរួម ធ្វើសកម្មភាពជាមួយខ្លួន ដើម្បីទប់ស្កាត់ផលិតផលថ្នាំ ឬជីកសិកម្មក្លែងក្លាយ។
សំណើរបស់លោក មៀច សុផាន់ណា បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយលោក វេង សាខុន នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។ ក្នុងជំនួបនេះ លោក មៀច សុផាន់ណា បានរាយការណ៍ពីសាវតា និង ដំណើរការរបស់គណៈកម្មាធិការដែលបានធ្វើ នាពេលកន្លងមក ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានសម្តែងក្តីរីករាយ និងគាំទ្រដល់សកម្មភាពរបស់គណៈកម្មាធិការ ដើម្បីទប់ស្កាត់ការនាំចូលផលិតផល ខូចគុណភាព និងផលិតផលក្លែងក្លាយ ដែលអាចប៉ះពាល់ដលសុខភាពសាធារណៈ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងជំរុញកិច្ចខិតខំប្រឹងប្រែងពង្រឹងការគ្រប់គ្រងគុណភាព និងទប់ស្កាត់ការនាំចូល និងចែកចាយផលិតកសិកម្ម ក្លែងក្លាយនិងខូច គុណភាព នៅតាមច្រកព្រំដែន និងនៅលើទីផ្សារផងដែរ។
ដោយឈរលើទស្សនៈ និងស្មារតីតែមួយ លោក វេង សាខុន ថា នឹងរៀបចំសមាសភាពតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការស្នើសុំរបស់លោក មៀច សុផាន់ណា ដើម្បីចូលរួមលុបបំបាត់បទល្មើសក្លែងបន្លំផលិតផលក្លែងក្លាយ ក្នុងគោលដៅរួមដើម្បី បំរើសុខមាលភាពសង្គម និងសុវត្ថិភាពសង្គម។
លោករដ្ឋមន្រ្តីក្រសួងកសិកម្ម សង្ឃឹមថា ការសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើឲ្យកិច្ចដំណើរការរបស់ គណៈកម្មាធិការ កាន់តែមានប្រសិទ្ធិភាព និងទទួលបានជោគជ័យខ្ពស់៕