(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ ឧត្តមសេនីយទោ ឡេង ដាលីន ថ្នាក់ដឹកនាំក្រសួងការពារជាតិ ឧត្តមសេនីយត្រី សំកុល សុចិត្រា ថ្នាក់ដឹកនាំក្រសួងការពារជាតិ, លោក តូច បូទិត្យា អនុប្រធាននាយកដ្ឋានសម្បទានដីសង្គមកិច្ច ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, វរសេនីយ៍ឯក ឈូក សុធួន នៅនាយកដ្ឋានបុគ្គលិកកងទ័ពជើងគោក, ឧត្តមសេនីយ៍ត្រី យឹម សារ៉ាន់ អនុប្រធាននាយកដ្ឋានពន្លត់ និងបង្ការអគ្គីភ័យ, លោក សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូន្យរូបនៃសាលកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, វរសេនីយ៍ត្រី ពិន ធារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង រួមទាំងក្រុមការងារជាច្រើននាក់ បានរួមគ្នាអញ្ជើញកាន់បិណ្ឌនៅវត្តគីរីជលសាកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់/ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្នុងពិធីបុណ្យកាន់បិណ្ឌប្រកបដោយក្តីសោមនស្សរីករាយនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់កូនប្រុស កូនស្រី ចៅប្រុសចៅស្រី សាច់ញាតិ និងមន្ត្រីរាជការជាច្រើនរូបផ្សេងទៀតផងដែរ។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមាន រយៈ ពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២... និងនៅថៃ្ងបញ្ចប់គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ធំតែម្តង។ សម្រាប់បុណ្យកាន់បិណ្ឌឆ្នាំនេះ បានចាប់ផ្ដើមនៅថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី១៣ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ។

ជាកិច្ចចាប់ផ្តើម លោកអាចារ្យ បានដឹកនាំពិធីតាមបែបពុទ្ធសាសនារបស់ខ្មែរ ដោយការនមស្ការព្រះរតនត្រ័យ វេបបាយបិត្តបូរ សមាទានសីល វេរចង្ហាន់ រាប់បាត្រ និងពូនភ្នំខ្សាច់ជាដើម។

ក្នុងឱកាសអញ្ជើញកាន់បិណ្ឌប្រកបដោយទឹកចិត្តជាសទ្ធាដ៏ជ្រះថ្លានោះ បាននាំយកចង្ហាន់ និងទេយ្យទានជាច្រើនប្រគេនព្រះសង្ឃ។ បានបួងសួង និងឧទ្ទិសមហាកុសលផលបុណ្យទាំងឡាយ កើតចេញពីពិធីកាន់បិណ្ឌនោះ ជូនទៅដល់វិញ្ញាណក្ខន្ធឧបការីជនញាតិកាទាំងប្រាំពីរសន្ដានដែលបានចែកឋាន។ បានប្រគេនបច្ច័យដល់ព្រះសង្ឃ១៤អង្គគង់ចាំព្រះវស្សាក្នុងវត្តគីរីជលសាកោះរ៉ុងមួយអង្គ ១០ម៉ឺនរៀល និងប្រមូលបច្ច័យបាន១៦លាន៨៧ម៉ឺន៦ពាន់៥រយរៀល សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្តផងដែរ៕