(ស្ទឹងត្រែង)៖ បុគ្គលមេក្លោងម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការចាប់ខ្លួននៅចំណុចទីតាំងកាប់រានទន្ទ្រានដីព្រៃរដ្ឋ ស្ថិតនៅភូមិសាស្ត្រ ភូមិអ៉ីបុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

ការចុះពិនិត្យពីសកម្មភាពកាប់រានទន្ទ្រានដីព្រៃរដ្ឋខាងលើ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីកម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងអាវុធហត្ថខេត្ត កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត កម្លាំងមន្ទីរបរិស្ថានខេត្តអាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយលោកអភិបាលរងស្រុក ព្រមទាំងជំទប់ឃុំអូរស្វាយក្រោមការសម្របសម្រួលពីលោកស៊ិន រក្សា ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តស្ទឹងត្រែង។

ក្នុងសកម្មភាពចុះពិនិត្យការកាប់ រានទន្ទ្រានដីព្រៃឈើរដ្ឋយកធ្វើជាកម្មសិទ្ធិ ខាងលើកម្លាំងសមត្ថកិច្ចចម្រុះបានចុះចាប់ខ្លួនបុគ្គលម្នាក់ឈ្មោះ អ៊ុក ល័ក្ខ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចំការ មានស្រុកកំណើតនៅភូមិសោប ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាមេក្លោងកាប់រានទន្ទ្រានដីព្រៃឈើរបស់រដ្ឋរាប់សិបហិចតា។

យោងតាមការឆ្លើយសារភាពរបស់ឈ្មោះអ៊ុក លក្ខ័  ថាដីខាងលើខ្លួនបានកាប់រុករានកន្លងមក មានទំហំ៣០០ម៉ែត្រគុណ៥០០ម៉ែត្រស្មើ ១៥ ហិកតា នៅចំណុច UTM ០៦៣៦៥៧៥ ១៥៣២៣៩៦ ក្បែរអូរឃ្លាំង ក្នុងភូមិសាស្ត្រ ភូមិអ៉ីបុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

តាមការឲ្យដឹងពីកម្លាំងដែលចុះប្រតិបត្តិការផ្ទាល់ថាការចុះបង្ក្រាបករណីខាងលើ គឺមានការសហការទាំងអស់គ្នាក្នុងនាមគណៈកម្មការ បង្រ្កាបបទល្មើសធនធានធម្មជាតិ ថ្នាក់ខេត្តតាមសារាចរណ៍លេខ០៥។

ក្រោយចម្លើយសារភាពជាមួយសកម្មភាពកាប់រានទន្ទ្រានដីព្រៃឈើរបស់រដ្ឋដោយខុសច្បាប់រដ្ឋបាលព្រៃឈើបានសម្រេចកសាងសំណុំរឿង ចោទក្នុង មាត្រា៩៧.ចែងត្រូវផ្តន្ទាទោស ក្រោមបទល្មើសព្រៃឈើថ្នាក់ទី ១ ដែលត្រូវជាប់ ពន្ធនាគារពីប្រាំ (៥) ឆ្នាំ ទៅដប់ (១០) ឆ្នាំ ។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅតុលាការតាមនីតិវិធី៕