(ឧត្តរមានជ័យ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្តរមានជ័យ និងលោកឧកញ៉ា លឹម ហេង ព្រមទាំងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣នេះ បានអញ្ជើញ​កាន់បិណ្ឌវេនទី៩ នៅវត្តជយទឹកជុំ ហៅវត្តអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងពិធីកាន់បិណ្ឌវេនទី៩ នេះ កិត្តិសង្គហបណ្ឌិត បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បី​ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ទុកកសាង​សមិទ្ធផលនានាក្នុងវត្ត វេរទេយ្យវត្ថុដល់ព្រះសង្ឃ ដើម្បី បង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង ៧ សន្តាន ដែលចែកឋានទៅបរលោក ។

ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ លោកកិត្តិសង្គហបណ្ឌិត ក៏បានឆ្លៀតសំណេះសំណាលជាមួយលោកយាយ លោកតា ដោយនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងសម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះព្រះសង្ឃ និងលោកយាយ លោកតានៅទូទាំងស្រុកអន្លង់វែង។

កិត្តិសង្គហបណ្ឌិត បានថ្លែងទៅកាន់លោកយាយ លោកតា ដែលបានអញ្ជើញចូលរួមក្នុងពិធីនោះថា ប្រសិនបើគ្មានការដាក់ចេញ និងអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទេនោះ ច្បាស់ណាស់ថាពលរដ្ឋស្រុកអន្លង់វែង មិនអាចគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃទៀតបានឡើយ។

លោកកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋស្រុកអន្លង់វែង ដែលតែងតែជឿទុកចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានសុំឱ្យប្រជាពលរដ្ឋជឿទុកចិត្តចំពោះការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត គឺសម្តេចនឹងដឹកនាំកម្ពុជាពុះពារជម្នះគ្រប់ឧបសគ្គទាំងអស់ ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍ៕