(ជប៉ុន)៖ ក្រុមកីឡាករឈៀលីតឌីងរបស់កម្ពុជា បានចេញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី៩-១៨ ខែសីហា ឆ្នាំ២០១៦។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុននេះ ក្រៅពីការដកស្រង់នូវបទពិសោធន៍ផ្សេងៗហើយ ក្រុមកីឡាករកម្ពុជា ក៏នឹងចូលរួមប្រកួតជើងឯក ឈៀលីតឌីងលើកទី៥ ប្រចាំខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុនផងដែរ។
យោងតាមតាមសេចក្ដីប្រកាសរបស់ស្ថាទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ការបំពេញទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «កីឡាសម្រាប់ថ្ងៃស្អែក» ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្លាស់ប្ដូរបទពិសោធន៍ លើវិស័យកីឡា ព្រមទាំងដើម្បីរួមចំណែកពង្រឹងនូវទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងប្រទេសជប៉ុន អភិវឌ្ឍន៍ចលនការ ឆ្ពោះទៅកាន់កីឡាប៉ារ៉ាឡាំពិក និងកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០ នៅប្រទេសជប៉ុន។
ជាមួយគ្នានេះ ក្រុមកីឡាឈៀលីតឌីងកម្ពុជា ក៏នឹងចូលរួមហ្វឹកហាត់ក្នុងជំរុំមួយ ដែលរៀបចំដោយមូលនិធិសមាគមឈៀលីតឌីងជប៉ុន ៕