(ស្វាយរៀង)៖ មន្ត្រីទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ បានស្នើឱ្យផ្តល់បណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជូនដល់ជនមានពិការភាព ដើម្បីពួកគេទទួលបានសេវាព្យាបាលជំងឺដោយមិនអស់ប្រាក់។
សំណើនេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលមួយរវាងមន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីអាជ្ញាធរ ជាមួយជនមានពិការភាពនៅក្នុងខេត្តស្វាយរៀង។ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តស្វាយរៀង រៀបចំពិធីសំណេះសំណាលជាមួយជនមានពិការភាព លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស ចំនួន ៣៥០នាក់។
នៅក្នុងពិធីនោះ លោក ចាប តូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ជូនដល់ជនមានពិការភាព ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលចូលរួមក្នុងពិធីនោះ។
ក្នុងពិធីនោះ លោក តូច ប៉ូ លីវ៉ា អភិបាលរងខេត្តស្វាយរៀង បានសំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យលទ្ធភាពជូនបងប្អូនជនមានពិការភាពគ្រប់ៗរូបឱ្យទទួលបាននូវប័ណ្ណ ប.ស.ស. ដូចមន្ត្រីរាជការ និងរោងចក្រ សហគ្រាស សម្រាប់ពួកគេមានលទ្ធភាពទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាន់ល្អប្រសើរ។
លោកអភិបាលរង ក៏បានស្នើសុំសាងសង់មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនមានពិការភាពភ្នែក និងមនុស្សគ-ថ្លង់ បង្រៀនអក្សរស្ទាប និងភាសាសញ្ញា សម្រាប់ជនមានពិការភាពនៅក្នុងខេត្តស្វាយរៀង កុំឱ្យពួកគាត់ចំណាកស្រុកទៅរៀននៅភ្នំពេញ និងតាមបណ្តាខេត្តនានា ដើម្បីកាត់បន្ថយជនមានពិការភាពយករូបភាពជនមានពិការភាពទៅសុំទាននៅប្រទេសវៀតណាម ធ្វើឱ្យប៉ះពាល់ដល់ជនមានពិការភាពផ្សេងទៀត។
លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមសំនៀងជនពិការ បានស្នើសុំទៅរដ្ឋបាលខេត្តស្វាយរៀង គួរពិនិត្យលទ្ធភាពដីរដ្ឋសម្រាប់សាងសង់មណ្ឌលជនពិការ។ លោកស្រី បានធានាស្វែងរកថវិកា និងសម្ភារៈសំណង់ សម្រាប់សាងសង់មណ្ឌលជនពិការ ដែលអាចឱ្យជនមានពិការភាពស្នាក់នៅចន្លោះពី ១០០នាក់ ទៅ២០០នាក់។
លោកស្រី ញ៉ែម មរកត បានស្នើសុំទៅរដ្ឋបាលខេត្តបង្កើតសាខាសមាគមតន្ត្រីសំនៀងជនពិការ នៅក្នុងខេត្តស្វាយរៀង។
ក្នុងពិធីសំណេះសំណាលនោះ ក៏មានផ្តល់អំណោយមួយចំនួនជូនដល់អ្នកចូលរួមផងដែរ។ អ្នកចូលរួម១នាក់ ទទួលបានអង្ករចំនួន ១បេ ក្រមា១ សារ៉ុង១ អាវ១ ទឹកត្រី ១ដប ទឹកស៊ីអ៉ី ១ដប ត្រីខ ៣កំប៉ុង នំស្រួយលីលី ១កញ្ចប់ សាប៊ូដុះខ្លួន ១ដុំ នំប៉័ង១ដើម ទឹកបរិសុទ្ធអេរ៉ូទិច ៣ដប ឡាក់តាសយ១ដប និងថវិកាចំនួន ៤ម៉ឺនរៀល។
ចំណែកសិស្សានុសិស្សក្រីក្រចំនួន១០១នាក់ ក្នុង១នាក់ ទទួលបានឃីត១កញ្ចប់ ដែលមាន សៀវភៅ២ក្បាល ប៉ិច ខ្មៅដៃ ជ័រលុប ដែកខួង បន្ទាត់ គុល័រ១ប្រអប់ នំស្រួយលីលី១កញ្ចប់ នំប៉័ង២ដើម សាប៊ូដុះខ្លួន១ដុំ និងថវិកាចំនួន ១ម៉ឺនរៀល៕