(សៀមរាប)៖ អ្នកជំនាញខាងបេតិកភណ្ឌវប្បធម៌ ១០រូប មកពីប្រទេសទាំង៥នៅអាស៊ីអាគ្នេយ៍ ពោល គឺកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ព្រមទាំងប្រទេសឥណ្ឌូនេស៊ី បានមកជួបជុំគ្នាជាមួយអ្នកជំនាញ ជប៉ុន នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា នៅតំបន់សៀមរាប-អង្គរ ដើម្បីពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស មរតកបេតិកភណ្ឌតាមរយៈសិក្ខាសាលាអន្តរជាតិ ដែលហៅថា «សិក្ខាសាលា ដើម្បីស្វែងយល់បេតិកភណ្ឌវប្បធម៌តំបន់មេគង្គ»។
នៅក្នុងជំនួបជាមួយលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ លោកសាស្រ្តាចារ្យ Ishizawa Yoshiaki តំណាងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ដែលជាអ្នកដឹកនាំរៀបចំកម្មវិធីនេះ បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរជាតិអប្សរាដែលបានគាំទ្រ និងសហការគ្រប់បែបយ៉ាង ចំពោះកម្មវិធីនេះ មិនតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនអ្នកជំនាញផ្សេងៗ ចូលរួមដោយផ្ទាល់ ដើម្បីធ្វើបទបង្ហាញផ្តល់បទពិសោធន៍ដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះ។ លោកសាស្រ្តាចារ្យ ក៏បានរំលេចឱ្យឃើញពីភាពជោគជ័យ ដែលសម្រេចបានលើការងារអភិរក្ស ជួសជុលប្រាង្គប្រាសាទ កន្លងមកធ្វើឱ្យអាជ្ញាធរជាតិអប្សរា មានសមត្ថភាពគ្រប់គ្រាន់ដើម្បីចែករំលែកបទពិសោធន៍ទាំងនេះ ដល់ប្រទេសផ្សេងៗ ទៀតក្នុងតំបន់ ក៏ដូចជាពិភពលោក។ លោកសាស្ដ្រាចារ្យ បន្ថែមថា មិនតែប៉ុននោះ កម្ពុជាជាប្រទេសសម្បូរណ៍ដោយប្រាង្គប្រាសាទសិលា ដែលទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមនុស្សក្នុងពិភពលោក ដូចនេះហើយសិក្ខាសាលាដែលបានរៀបចំក្នុងពេលនេះ ក៏ជាឱកាសល្អមួយបង្ហាញដល់អ្នកជំនាញក្នុងការស្វែងយល់បន្ថែមទៀត ដើម្បីយកជាគំរូទៅរៀបចំនៅតាមបណ្តា រមណីយដ្ឋានបេតិកភណ្ឌពិភពលោកនៅបណ្តាប្រទេសផ្សេងៗទៀត។
ជាកិច្ចស្វាគមន៍ លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្រ្តាចារ្យ Ishizawa Yoshiaki ដែលតែងតែជួយលើកិច្ចការអភិរក្ស ជួសជុលប្រាង្គបា្រសាទក្នុង តំបន់អង្គរ ក៏ដូចជាការៀបចំឱ្យមានកម្មវិធីសិក្ខាសាលាក្នុងពេលនេះជាដើម។ ក្នុងនាមអាជ្ញាធរជាតិអប្សរា លោកអគ្គនាយក ក៏បានទាញចំណាប់អារម្មណ៍សិក្ខាកាម ដែលបានចូលជួបក្នុងឱកាសនេះ ឱ្យបានស្វែងយល់ពីការខិតខំរបស់អាជ្ញាធរជាតិអប្សរាពាក់ព័ន្ធនឹងកិច្ចការអភិរក្ស ជួសជុលបេតិកភណ្ឌ ជាពិសេសកិច្ចសហការអន្តរជាតិក្នុងរយៈពេលជាង២០ឆ្នាំ ជាមួយដៃគូរអន្តរជាតិនានា។ លោកបន្ដថា ក្នុងក្របខ័ណ្ឌកិច្ចសហការអន្តរជាតិនេះហើយគណៈកម្មការ អាយស៊ីស៊ី-អង្គរ ត្រូវបានទទួលស្គាល់ជាបន្តបន្ទាប់លើកឆាកអន្តរជាតិ និងប្រទេសមួយចំនួន ចាត់ទុក អាយស៊ីស៊ី-អង្គរ ជាគំរូក្នុងកិច្ចការអភិរក្ស ជួសជុល តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកផ្សេងៗ ទៀតដូចជា នៅប្រទេសស៊ីរី និងប្រទេសអាហ្គានីស្ថាន ជាដើម។
ជាមួយគ្នានេះដែរ លោកបានជូនពរ ដល់អង្គសិក្ខាសាលាឱ្យទទួលជោគជ័យតាមផែនការ ហើយសន្យា សហការ បញ្ជូនអ្នកជំនាញ ដើម្បីចូលរួម និងសម្របសម្រួល ចំពោះគ្រប់កម្មវិធីដែលត្រូវចុះកម្មសិក្សា តាមបណ្តាប្រាង្គប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ។
សូមបញ្ជាក់ថា នេះជាសិក្ខាសាលាលើកទី៥ហើយ ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅតំបន់សៀមរាប-អង្គរ។ សិក្ខាសាលា ដែលមានរយៈពេល៨ថ្ងៃនេះ បានចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ សិក្ខាកាមដែលបានចូលរួម ទាំងអស់នឹងបានផ្លាស់ប្តូរព័ត៌មានទូទៅទាក់ទងនឹងបញ្ហារួមទាំងឡាយ នៅតំបន់អាស៊ីអាគ្នេយ៍មានដូចជា ភាពគំរាម គំហែងពីធម្មជាតិ ភាពទ្រុឌទ្រោមនៃគ្រឿងសំណង់ វិធីសាស្រ្តការពារ រមណីយដ្ឋានប្រវត្តិសាស្រ្តជាដើម៕