(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារជូនជនរួមជាតិ ពាក់ព័ន្ធករណីនិស្សិតខ្មែរម្នាក់បានស្លាប់ ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់និស្សិតខ្មែរម្នាក់ ដែលបានបាត់បង់ជីវិតដោយសារហេតុការណ៍ប្រយុទ្ធគ្នា រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី០៧ ខែតុលា ម្សិលមិញនេះ។

សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាល បានចាត់វិធានការទំនាក់ទំនងជាប្រចាំជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ ជាលទ្ធផលពេញមួយយប់មិញនេះ យើងបានទំនាក់ទំនងជាមួយពលរដ្ឋខ្មែរភាគច្រើន នៅក្នុងប្រទេសអ៉ីស្រាអែល និងកំណត់ទីតាំងរបស់ពួកគាត់ ហើយក្នុងនោះយើងក៏បានខិតខំជួយសង្គ្រោះនិស្សតិ៣រូបក្នុងចំណោម៤រូប (ដែលក្នុងនោះម្នាក់បានស្លាប់) ចេញពីតំបន់ក្រហម មកស្នាក់នៅជាមួយកុងស៊ុលកិត្តិយសរបស់កម្ពុជាក្នុងប្រទេសអ៉ីស្រាអែល។

សម្តេចបានបញ្ជាក់បន្ថែមថា កិច្ចការនេះជាកិច្ចការសំខាន់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការធានាដល់សុវត្ថិភាពប្រជាពលរដ្ឋខ្មែរ ដែលមានវត្តមាននៅអ៉ីស្រាអែលជាពិសេស និស្សិតរបស់យើង។ ក្នុងន័យនេះរាជរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធ បានធ្វើការជាប់ជាប្រចាំ ជាមួយដៃគូនៅប្រទេសអ៉ីស្រាអែល ដើម្បីធ្វើយ៉ាងណា (ទី១) ធ្វើការសហការជាមួយអាជ្ញាធរ សមត្ថកិច្ចអ៉ីស្រាអែល ដើម្បីធ្វើការការពារសុវត្ថិភាពពលរដ្ឋខ្មែរនៅទីនោះ (ទី២) គឺទាក់ទងជាមួយប្រជាពលរដ្ឋ សិស្ស-និស្សិតខ្មែរនៅទីនោះ ដើម្បីធ្វើយ៉ាងណា អាចទំនាក់ទំនងដឹងសុខទុក្ខគាត់ និងអាចសហការសម្របសម្រួលជាមួយអាជ្ញាធរអ៉ីស្រាអែល ជួយគាត់ ក្នុងករណីចាំបាច់នានានៅទីនោះ ធ្វើយ៉ាងណាធានាសុវត្ថិភាព និងអាយុជីវិតពួកគាត់។

សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ នៅប្រទេសអ៉ីស្រាអែលធ្វើយ៉ាងណារក្សាកន្លែងសុវត្ថិភាពរបស់ខ្លួន ហើយស្តាប់តាមការណែនាំរបស់ អាជ្ញាធរអ៉ីស្រាអែល ព្រោះស្ថានភាពនៅទីនោះមិនទាន់ស្ងប់នៅឡើយ ដែលអាចប្រែប្រួលគ្រប់ពេលទាំងអស់។

សម្តេចធិបតី ក៏បានសម្តែងនូវការសោកស្រាយ និងចូលរួមរំលែកទុក្ខចំពោះគ្រួសារនិស្សិតខ្មែរដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសអ៉ីស្រាអែលផងដែរ ហើយបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំស​ម្របសម្រួលតាមលទ្ធភាពដែលអាចធ្វើទៅបានជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីនាំយកសពនិស្សិតរបស់យើង មកកាន់កម្ពុជា ដែលអាចឱ្យគ្រួសាររៀបចំតាមប្រពៃណី ហើយកិច្ចការចាត់ចែងការវិលត្រឡប់ និងធ្វើបុណ្យសពនេះជាបន្ទុករាជរដ្ឋាភិបាល។

ជាថ្មីម្តងទៀត សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជាប់ជាប្រចាំ ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលមានវត្តមាននៅប្រទេសអ៉ីស្រាអែល ហើយនឹងខិតខំសម្របសម្រួលជាមួយអាជ្ញាធរអ៉ីស្រាអែលឱ្យអស់លទ្ធភាព ដើម្បីធ្វើយ៉ាងណាធានាសុវត្ថិភាពដល់ពលរដ្ឋខ្មែរ។ សម្តេចក៏បានជូនពរដល់ពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅអ៉ីស្រាអែលទាំងអស់ ទទួលបានសុវត្ថិភាពគ្រប់ៗគ្នា៕

សូមស្តាប់ប្រសាសន៍សម្តេច៖ https://t.me/freshnewsasia/155981