(ភ្នំពេញ)៖ កម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀន ស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន រត់គេចខ្លួនជាង៥ឆ្នាំ (២០១៧-២០២៣) មានដីកាចាប់ខ្លួន ៧ករណី ព្រមទាំងរឹបអូសបានគ្រឿងញៀនជិត៣គីឡូក្រាម និង ១៦,៤០០គ្រាប់ ព្រមទាំងគ្រាប់បែកដៃ ២គ្រាប់។

ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនិយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ និងវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដឹកនាំពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  បានស្រាវតាមចាប់មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន ដែលបានធ្វើសកម្មភាពយ៉ាងសកម្ម នៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ។

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣៖៣០នាទី សមត្ថកិច្ចបានរកឃើញ និងចាប់ខ្លួនជនល្មើសឈ្មោះ ឃុន សំអាត ហៅ ស្មី ភេទប្រុសអាយុ៤៤ឆ្នាំ (មេខ្លោង) និងបក្សពួក ២នាក់ឈ្មោះ ងែន ដាលីន ភេទស្រី អាយុ៣៤ឆ្នាំ (មេខ្លោង) និងឈ្មោះ នាង សុវណ្ណរ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិគោចំបក់ សង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យ និងបន្តទៅឆែកឆេរបន្ទប់ជួលនៅចំណុច ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

កម្លាំងជំនាញបានរឹបអូសវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ប្រភេទកេតាមីន (Ketamine) ចំនួន១កញ្ចប់ធំ ប្រមាណជិត ១គីឡូក្រាម, ម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១១កញ្ចប់ ប្រមាណជិត ១គីឡូក្រាម, កញ្ជប់ពណ៌ខៀវ និងក្រហម ប្រភេទអ៊ិចស្តាស៊ី(MDMA) ចំនួន ៣៥កញ្ជប់, ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន(WY) ចំនួន ១៦,៤០០គ្រាប់, ជញ្ចីងថ្លឹងគ្រឿងញៀន ០១គ្រឿង, គ្រាប់បែកដៃចំនួន ០២គ្រាប់, បង់អាវុធចំនួន០១ និងគ្រាប់ចំនួន ០៥គ្រាប់, ទូរស័ព្ទដៃចំនួន ០២ គ្រឿង, រថយន្តចំនួន ០១គ្រឿង (ពាក់ផ្លាក់លេខ ភ្នំពេញ 2BU-6244) និងម៉ូតូចំនួន ០២គ្រឿង (ពាក់ផ្លាកលេខ ភ្នំពេញ 1KG-2001 និង ភ្នំពេញ 1GO-4614)។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន រៀបចំកសាងសំណុំរឿងបញ្ជូនជនល្មើស និងជនសង្ស័យ ព្រមទាំង វត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

សូមជម្រាបថា ក្រោយពេលចូលកាន់តំណែង ជាអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន បោសសម្អាតឧក្រិនជនគ្រឿងញៀនឱ្យអស់ ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដឲ្យអស់នូវបញ្ហាគ្រឿងញៀននេះ។

កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអនុវត្តការងារយ៉ាងសកម្ម ចាប់បានមេខ្លោងជួញដូរគ្រឿងញៀនជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងរយៈពេល១ សប្តាហ៍នេះ កម្លាំងជំនាញបានបង្ក្រាបបានករណីជួញដូរគ្រឿងញៀនធំៗ ៣ករណី៕