(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធិវុធ នៅថ្ងៃទី១២ ខែសី ហា ឆ្នាំ២០១៦នេះ បានជួបតទល់គ្នាពិភាក្សាទៅលើការងារសំខាន់ៗមួយចំនួន ដើម្បីរិះរកយន្តការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ ទីផ្សារពិភពលោកឲ្យបានកាន់តែច្រើនថែមទៀត។
យោងតាមទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុល អំពីការងារសំខាន់ៗ ពាក់ព័ន្ធវិស័យស្រូវអង្ករកម្ពុជា ដែលរួមមាន៖
(១). ការត្រួតពិនិត្យអង្ករ ដោយឯករាជ្យ មុនពេលនាំចេញ និងការបង់ថ្លៃសេវា
(២). ការចុះបញ្ជីម៉ាក លើម៉ាកសញ្ញា “អង្ករម្លិះ” រួមទាំងការស្នើឱ្យកំណត់យក “ទន្លេសាប” ជាឈ្មោះទំនិញភូមិសាស្រ្ត សម្រាប់អង្ករក្រអូបកម្ពុជា
(៣). ការកែប្រែអាណត្តិការងាររបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ពី ២ឆ្នាំ ទៅ ៣ឆ្នាំ
(៤). ការរិះរកយន្តការ បើកច្រកពង្រីក ទីផ្សារអង្ករកម្ពុជា
(៥). ការពិនិត្យលទ្ធភាព ក្នុងការចេញ បទប្បញ្ញត្តិ ដែលតម្រូវ ឱ្យមានបញ្ជាក់ព័ត៌មាន អំពី អាស័យដ្ឋាន ម៉ាកយីហោ និងប្រភពច្បាស់លាស់ ចំពោះស្រូវអង្ករនាំចូលកម្ពុជា និងដាក់លក់លើទីផ្សារកម្ពុជា និង
(៦). ការពិនិត្យឡើងវិញ លើភាគីអនុវត្តន៍ ចំពោះ អនុស្សារណៈនៃការយោគយល់គ្នា ជាមួយ COFCO ដែលនឹងត្រូវបន្ត នៅខែកញ្ញា ឆ្នាំ២០១៦ ដូចមានលើកជាសំណើ ពី សហព័ន្ធស្រូវអង្ករកម្ពុជា។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានកត់សម្គាល់ថា ប្រធានបទ ដែលបានលើកមកពិភាក្សាពិតជាមានសារៈសំខាន់ សម្រាប់វិស័យស្រូវ អង្ករកម្ពុជា។ លោករដ្ឋមន្រ្តីបន្តថា ការអភិវឌ្ឍវិស័យនេះ ឱ្យដំណើរការទៅមុខ ដោយរលូន និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទាំងនៅក្នុងស្រុក និងនៅលើទីផ្សារស្រូវអង្ករលើពិភពលោក ជាពិសេសនៅសហគមន៍អឺរ៉ុប។
ដោយសារប្រធានបទ ដែលបានលើកឡើង មានពាក់ព័ន្ធជាមួយនាយកដ្ឋាន និងស្ថាប័នច្រើន លោករដ្ឋមន្រ្តី បានសម្រេចបង្កើតក្រុមការងារចម្រុះ ដើម្បីសិក្សា និងរិះរកវិធីសាស្រ្ត និងយន្តការនានា ក្នុងគោលដៅផ្តល់ដំណោះស្រាយ ចំពោះបញ្ហាទាំងនេះ ប្រកបដោយប្រសិទ្ធភាព៕