(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានចេញសារបន្ទាន់បន្តបន្ទាប់គ្នាទាំងយប់ពាក់ព័ន្ធការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហា​ម៉ាស់​។

ក្នុងសារសំឡេងរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន និងសម្តេច​ធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីវិធាន​ការ​បន្ទាន់​របស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការប្រយុទ្ធគ្នានោះ ហើយ​ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ​និស្សិត និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា និងរស់​នៅប្រទេសអ៉ីស្រាអែលជាង៤០០នាក់។ ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានទាក់ទងដោយផ្ទាល់​ទៅ​កាន់និស្សិត និងពលរដ្ឋនៅអ៉ីស្រាអែលផងដែរ។

ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវទៅដល់និស្សិត ក៏ដូចជាពលរដ្ឋ​ខ្មែរ​នៅអ៉ីស្រាអែល ស្តាប់ការណែនាំ និងអនុវត្តន៍តាមវិធានការចាត់ចែងរបស់អាជ្ញាធរអ៉ីស្រាអែល ដើម្បីរក្សាសុវត្ថិ​ភាពពីការផ្ទុះសង្គ្រាមនេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាណាព្យាបាល និងសាច់ញាតិ ដែលមានកូន បងប្អូន ឬសាច់​ញាតិ កំពុងសិក្សារៀនសូត្រ និងរស់នៅប្រទេសអ៉ីស្រាអែល រក្សាចិត្តឱ្យនឹងន និងកុំស្លន់ស្លោ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេច រួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតាមយ៉ាងយកចិត្តទុកដាក់បំផុត លើស្ថានការណ៍នៅប្រទេសអ៉ីស្រាអែល ហើយនឹងដាក់ចេញនូវដំណោះស្រាយនានា ដើម្បីធានាដល់សុវត្ថិភាពនិស្សិត និងប្រជាពលរដ្ឋខ្មែរនៅអ៉ីស្រាអែល។

តាមរយៈសារសំឡេងទាំងកណ្តាលរាត្រីនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅលើសុខទុក្ខរបស់និស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល ចំពោះមុខនៃការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់៕