(កំពង់ស្ពឺ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យស្ថានភាពទឹក និងជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកស្ទឹងក្រាំងពន្លៃ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
 
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលដោយផ្ទាល់ និងប្រកបដោយភាព ស្និទ្ធស្នាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹក លោករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ប្រជាកសិករប្រើប្រាស់ទឹកទាំងអស់ឱ្យជួយថែរក្សាសមិទ្ធផលដែលមានស្រាប់ ដើម្បីប្រើប្រាស់បានយូរអង្វែងតទៅមុខទៀត និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺឱ្យបន្តចុះតាមដានស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាទឹកស្តុកទុកក្នុងអាង និងត្រូវត្រៀម លក្ខណៈជានិច្ចក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត។
 
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានចុះត្រួតពិនិត្យស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រមួយចំនួន ដូចជា៖

- អាងទឹកអន្លុងជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានប្រវែង ៦ ៥០០ ម៉ែត្រ អាចស្តុកទឹកបានប្រមាណ ៣៥លានម៉ែត្រគូប ផ្ទៃដី ស្រោច ស្រព លាតសន្ធឹង ក្នុង ខេត្ត កំពង់ ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងមួយផ្នែកនៃ រាជធានីភ្នំពេញ។

- ទំនប់ពាមល្វា អូរតោង ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទំនប់នេះបាន ធ្វើ ការ ជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ២០១៩ ដោយក្រសួងធនធានទឹក និងឧតុនិយម។

- ទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទំនប់អាងទឹកតាសាល ដែលមានប្រភពទឹកពីស្ទឹងតាសាល មានផ្ទៃរងទឹកភ្លៀង ៤៦៥គីឡូម៉ែត្រការ៉េ អាចស្តុកទឹកបាន ១៤០ លាន ម៉ែត្រគូបត្រូវបាន អភិវឌ្ឍន៍ ដោយប្រើប្រាស់ហិរញ្ញប្បទានរបស់រដ្ឋាភិបាល នៃ សាធារណ រដ្ឋ ឥណ្ឌា ។ ការសាងសង់ទំនប់អាងទឹកតាសាល ដើម្បី កាត់បន្ថយជំនន់ស្ទឹងព្រែក ត្នោតផង ព្រម ទាំង ផ្តល់ទឹកសម្រាប់ការស្រោចស្រព និងការប្រើ ប្រាស់ ក្នុង ជីវភាពប្រចាំថ្ងៃផង។

- ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជា សំណង់ស្ទាក់បែង ចែកទឹកទៅប្រឡាយមេខាងជើងប្រវែង ២០គីឡូម៉ែត្រ ស្ថិត ក្នុង ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល មានផ្ទៃដីស្រោចស្រពប្រមាណ ៤ ០០០ ហិកតា និងប្រឡាយមេខាងត្បូងប្រវែង ៤៥ គីឡូម៉ែត្រ មានផ្ទៃដីស្រោចស្រពប្រមាណជាង ១០ ០០០ ហិកតា ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង មួយផ្នែកនៃខេត្តកណ្តាល។ ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងគម្រោងជួសជុលកែលម្អឡើងវិញ ក្រោម ហិរញ្ញប្បទានរបស់ រាជរដ្ឋាភិបាលជប៉ុន ដែលគ្រោងនឹងបើកការដ្ឋាននៅក្នុងឆ្នាំ២០២៤ ខាងមុខ ៕