(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តគីរីមង្គលអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង។

នៅក្នុងឱកាសនោះដែរ លោក ប៉ែន កុសល្យ បានឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីនៃព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងទៀតក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។

លោកអភិបាលខេត្តឧត្តរមានជ័យ បាននាំយកនូវបច្ច័យកសាងចំនួន៥លាន ប្រគេនព្រះសង្ឃ និង ទេយ្យទានមានអង្ករចំនួន៣០០គីឡូក្រាម , មីចំនួន១០កេស, ទឹកដោះខាប់ចំនួន ៣កេស, ត្រីខកំប៉ុងចំនួន ៣កេស, ទឹកក្រូចនិងទឹកផ្លែឈើចំនួន ១៥កេស, ទឹកបរិសុទ្ធចំនួន១៥កេស, ទឹកត្រីចំនួន២០យួរ, ទឹកស៊ីអ៉ីវចំនួន២០យួរ ទឹកបរិសុទ្ធវីតាល់ចំនួន១០កេស ទឹកបរិសុទ្ធធម្មតាចំនួន៥០យួរ ភេសជ្ជៈបាកាស និងខារ៉ាបាវចំនួន១០កេស ព្រមទាំងប្រគេនបច្ច័យបយនដល់ព្រះសង្ឃ និងបានចែកជូនលោកយាយ លោកតា ដែលបានចូលរួមជាច្រើននាក់ផងដែរ ហើយនៅថ្ងៃកាន់បិណ្ឌវេនទី៩ស្អែកនេះ លោកអភិបាលខេត្តនឹងដឹកនាំមន្ត្រីរាជការ មកវត្តពុទ្ធោភាវនា ក្នុងស្រុកងន្លង់វែងទៀត៕