(ព្រៃវែង)៖ កម្លាំងចម្រុះគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ខេត្តព្រៃវែង សហការជាមួយគណ:កម្មការផ្សារ នៅថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ បានបន្តអនុវត្តរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារក្រុងព្រៃវែង ឱ្យមានរបៀបរៀបរយ ខណៈបច្ចុប្បន្ននៅតែមានបងប្អូនអាជីវករមួយចំនួន បន្តយកអីវ៉ាន់ដាក់លក់ដូរនៅលេីដងផ្លូវជុំវិញផ្សារជារៀងរាល់ថ្ងៃដោយគ្មានរបៀបរៀបរយ និងមិនអាចធ្វេីចរាចរណ៍បាន។
យោងតាមគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ខេត្តព្រៃវែង បានឱ្យដឹងថា «នេះមិនមែនជាលេីកទីមួយទេ ដែលអាជ្ញាធរខេត្ត និងក្រុងបានចុះរៀបចំសណ្តាប់ធ្នាប់ផ្សារក្រុងព្រៃវែង តែជាលទ្ធផលដូចជាវែកចកក្នុងទឹកអ៊ីចឹង»។
ប៉ុន្តែលេីកនេះ បេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តព្រៃវែង និងប្រធានគណៈកម្មការចម្រុះខេត្តព្រៃវែង ដែលដឹកនាំដោយលោក ហ៊ី ធួក អភិបាលរងខេត្ត បានបញ្ជាក់ថា មកដល់ថ្ងៃសៅរ៍ទី៧ ខែតុលា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី២ហេីយ ដែលគណៈកម្មការបានចុះរៀបចំសណ្តាប់ធ្នាប់ ដោយអនុវត្តតាមគោលការណ៍របស់សាលាខេត្ត ក៏ដូចតាមបទបញ្ជាផ្ទាល់របស់លោកអភិបាលខេត្ត សួន សុម៉ាលីន ហេីយលទ្ធផលរៀបចំរយៈពេលពីរថ្ងៃនេះ គឺថ្ងៃទី១.៖ គណៈកម្មការបានចុះណែនាំ និងបាញ់ថ្នាំកំណត់ទីតាំងឱ្យដាក់លក់ និងកន្លែងហាមលក់នៅលេីទ្រូងផ្លូវ។
ចំណែកថ្ងៃទី២.៖ គណៈកម្មការនៅបន្តចុះរៀបចំបន្តទៀត និងតម្រូវឱ្យអាជីវកររេីគ្រែ រេីឆ័ត្រចេញពីដងផ្លូវ ឬទ្រូងផ្លូវតែម្តង ព្រោះវាជាផ្លូវសាធារណ: ដោយមិនអនុញ្ញាតឱ្យពួកគាត់លក់លេីផ្លូវបន្តទៀតទេ។ ហេីយក្នុងករណីបងប្អូនអាជីវករតវ៉ា ឬមិនសហការជាមួយអាជ្ញាធរទេ គណៈកម្មការ និងអនុវត្ដតាមនីតិវិនៃច្បាប់។
ជាមួយគ្នានេះ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តព្រៃវែង ជូនទៅអាជីវករ និងសាធារណជន ចុះថ្លៃទី៤ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា គណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់ខេត្តព្រៃវែង នឹងចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណជុំវិញផ្សាក្រុងព្រៃវែង ចាប់ចុះពីថ្ងៃជូនដំណឹងតទៅដោយតម្រូវឱ្យបងប្អូនរំកិលចេញ ឬរុះរើចេញពីលើផ្លូវសាធារណៈ ព្រោះវាបង្កឱ្យប៉ះពាល់ជាច្រើនដូចជា៖
ទី១៖ ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ
ទី២៖ ប៉ះពាល់ដល់ សន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ
ទី៣៖ ប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទៅធ្វើដំណើ
ទី៤៖ បង្កឱ្យប៉ះពាល់ដល់ការបង្ការទប់ស្កាត់ និងងាយស្រួលសង្រ្គោះពេលមានបញ្ហាកើតឡើងដោយជាយថាហេតុដូចជាអគ្គិភ័យឆាប់ឆេះជាដើម
ទី៥៖ ប៉ះពាល់ដល់សោភ័ណភាព
ទី៦៖ ប៉ះពាល់ដល់បរិស្ថានអនាម័យ៕