(កំពង់ធំ)៖ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី៨ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីសាកសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារគ្រឿងឧបភោកបរិភោគ ព្រមទាំងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ទៅឧបត្ថម្ភជូនលោកយាយ លោកតា ចាស់ជរា និងមានជីវភាពលំបាកខ្វះខាតចំនួន ១៥គ្រួសារ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលសម្ដេច និងលោកជំទាវ តែងតែគិតគូរព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេស នៅតាមបណ្ដាមូលដ្ឋាននានា ដែលត្រូវរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងនោះក៏មានភូមិ-ឃុំមួយចំនួននៅក្នុងខេត្តកំពង់ធំផងដែរ។

នៅក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ បានសូមជូនពរដល់លោកយាយ លោកតា អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានសុខភាពល្អទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ។

អំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹង  និងមានជីវភាពលំបាកខ្វះខាត ចំនួន១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកស៊ីអ៉ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួនផងដែរ។

លោកយាយ លោកតា ចាស់ជរាគ្មានទីពឹង និងមានជីវភាពលំបាកខ្វះខាតទាំង១៥គ្រួសារ បានសូមគោរពជូនពរសម្ដេចធិបតី លោកជំទាវ  និងបុត្រា បុត្រី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕