(ភ្នំពេញ)៖ អតីតប្រធានអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) លោក Yasushi Akashi បានថ្លែងគូសរំលេចថា ប្រជាជនកម្ពុជាមានសមត្ថភាពពេញលេញក្នុងការបង្កើតរដ្ឋធម្មនុញ្ញដ៏ល្អបំផុតមួយនៅលើពិភពលោក។
លោក Yasushi Akashi គឺជាជនជាតិជប៉ុន ដែលបានបំពេញការងារជាប្រធានអ៊ុនតាក់នៅកម្ពុជា ចន្លោះឆ្នាំ១៩៩២-១៩៩៣ ពេលកម្ពុជាកំពុងកសាងដំណើរប្រជាធិបតេយ្យឡើងវិញក្រោយវិបត្តិនៃភ្លើងសង្គ្រាម។ បច្ចុប្បន្នលោក Yasushi Akashi មានតួនាទីជាប្រធានមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្យូតូ ប្រទេសជប៉ុន។
ក្នុងតួនាទីជាប្រធានអ៊ុនតាក់នៅកម្ពុជា លោក Yasushi Akashi គឺជាតួអង្គមួយរូបដ៏សំខាន់ ដែលបានប្រឹងប្រែងយ៉ាងខ្លាំងផ្តល់នូវវិភាគទានគំនិត និងយោបល់នានា ដើម្បីបង្កើតឡើងវិញនូវរដ្ឋធម្មនុញ្ញក្នុងប្រទេសកម្ពុជា។
ក្នុងទិវាអបអរសាទរខួប៣០ឆ្នាំថ្ងៃកំណើតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កម្ពុជា បានអញ្ជើញលោក Yasushi Akashi ចូលរួមក្នុងពិធីនោះផងដែរ។ តែដោយសារបញ្ហាសុខភាព លោក Yasushi Akashi មិនអាចអញ្ជើញចូលរួមក្នុងពិធីប្រកបដោយក្តីរីករាយរបស់ប្រជាជនកម្ពុជានោះឡើយ។
ក្នុងលិខិតផ្ញើជូនក្រសួងការបរទេសកម្ពុជា លោក Yasushi Akashi បានសម្តែងការសោកស្តាយជាខ្លាំង ដែលមិនបានចូលរួមក្នុងពិធីខាងលើនោះ។ លោក Yasushi Akashi បានបញ្ជាក់ដូច្នេះ «ខ្ញុំពិតជាមានការសោកស្តាយយ៉ាងក្រៃលែង ដែលរូបខ្ញុំមិនអាចចូលរួមក្នុងពិធីនេះបាន ដោយសារខ្ញុំមានសុខភាពទន់ខ្សោយ»។
បើទោះបីមិនបានចូលរួមដោយផ្ទាល់ក្តី ប៉ុន្តែលោក Yasushi Akashi បានសម្តែងនូវក្តីសោមនស្សរីករាយជាខ្លាំងចំពោះពិធីនេះ។
ក្នុងលិខិតនោះ លោក Yasushi Akashi ក៏បានឆ្លៀតរំលឹកពីសុន្ទរកថារបស់លោកដែលបានថ្លែងក្នុងសិក្ខាសាលាមួយស្តីពីរដ្ឋធម្មនុញ្ញនៅកម្ពុជាកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៩៣។ ក្នុងសិក្ខាសាលាពេលនោះ លោក បានថ្លែងថា «ដោយក្រលេកមើលអតីតកាលប្រកបដោយសោកនាដកម្មនៃប្រទេសកម្ពុជា ប្រជាជនកម្ពុជាមានសមត្ថភាពពេញលេញក្នុងការបង្កើតរដ្ឋធម្មនុញ្ញដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ដោយផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់របស់ខ្លួនផ្ទាល់ រួមជាមួយនឹងញើស និងទឹកភ្នែក ព្រមទាំងបញ្ហាផ្សេងៗទៀត ដែលកម្ពុជាបានឆ្លងកាត់»។
សូមបញ្ជាក់ថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ កម្ពុជា បានរៀបចំពិធីអបអរសាទរខួប៣០ឆ្នាំថ្ងៃកំណើតជាថ្មីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនោះត្រូវបានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ពិធីនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិរួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រី ហេង សំរិន សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
ឯកអគ្គរាជទូត និងរដ្ឋទូតបណ្តាប្រទេសជាមិត្ត ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការ ស្ថាប័នអង្គការសង្គមស៊ីវិលនានា ក៏បានចូលរួមក្នុងពិធីនោះផងដែរ៕