(ភ្នំពេញ)៖ បន្ទាប់ពីព្រះអង្គម្ចាស់​ ធម្មិកោ​ បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​​ព្រះអង្គ​ នាពេលថ្មីៗនេះ ​ដោយ​ភ្ជាប់​ជាមួយ​នឹង​រូបថត​របស់​​ព្រះអង្គ​​ដែល​បង្ហាញ​ការ​គោរព​ដល់​ព្រះមហាក្សត្រ នរោត្តម សីហមុនី​ និង​ព្រះមហាក្ស​ត្រិយ៍នរោត្តម មុនិនាថសីហនុ រួម​ជាមួយ​នឹង​រូបថត​ផ្សេងៗ​ទៀត​ដែល​បង្ហាញ​ពី​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ និង​ដីធ្លី​។ ព្រះអង្គម្ចាស់​បាន​សរសេរ​ថា​៖ ​«ខ្ញុំ​សូម​និយាយ​ឲ្យ​ច្បាស់​ថា ​ខ្ញុំ​គោរព​ស្រឡាញ់​ព្រះមហាក្សត្រ​ ក៏​ប៉ុន្តែ​ខ្ញុំ​ប្រឆាំង​របប​តិរច្ឆាន​ដឹកនាំ​ដោយ CPP​ ជា​ដាច់​ខាត​»

នៅថ្ងៃទី១២ ខែសីហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រតិកម្មឆ្លើយតបទៅនឹងការលើកឡើងរបស់ ព្រះអង្គ ម្ចាស់​ ធម្មិកោ ថា អ្វីដែលជាការលើក ឡើងរបស់ទ្រង់ គឺជាការធ្វើយុទ្ធនាការ ដើម្បីឱ្យគេទទួលស្គាល់ខ្លួនឯងតែប៉ុណ្ណោះ ដែលគេឈប់យកចិត្តទុកដាក់យូរណាស់ហើយ ទោះបីជាគាត់ខំប្រឹងពន្យល់ ប្រជាពលរដ្ឋយ៉ាងណា ក៏គេដឹងច្បាស់ពីរបប និងរដ្ឋបាល ដែលកើតចេញពីរដ្ឋធម្មនុញ្ញនេះហើយ ដែលរបបនេះមានចែងពីព្រះមហាក្សត្រ។ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បានមាក់ងាយទៅលើរបបដឹកនាំរបស់រដ្ឋ ជាពិសេសព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋអស់មួយជីវិត ព្រោះការប្រមាទរបបដឹកនាំនេះ ប្រៀបបីដូចជាប្រមាទលើព្រះមហាក្សត្រ។

មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យដដែលរូបនោះបានបន្តអះអាងយ៉ាងដូច្នេះថា «មិនមែនបានសេចក្ដីថា ទ្រង់មានងារជាព្រះរាជវង្សានុវង្សហើយ មានសិទ្ធិក្នុងការប្រមាទ និងមាក់ងាយពីរបបរដ្ឋនោះទេ ពីព្រោះកម្ពុជាធ្លាប់មានបទពិសោធន៍មួយ រួចមកហើយ គឺការផ្ដួលរំលំព្រះបរមរតនកោដ ព្រះនរោត្តម សីហនុ គឺគ្មាននរណាក្រៅពី ខ្សែរាជវង្សខ្លួនឯងទេ គឺទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ដែលជាអ្នកបំផ្លាញ អ្នកប្រឆាំងនឹងរបបដឹកនាំប្រឆាំងរបស់ព្រះបរមរតនកោដ ដោយបានធ្វើរដ្ឋប្រហារ ក្រោយពីទទួលបានជំនួយគាំទ្រពីពួកបរទេស ដូច្នេះអំពើប្រមាទ អំពើប្រឆាំងជាមួយរបបរាជាណាចក្រទី២នេះ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល មិនអនុញ្ញាតដាច់ខាត។ ទោះជាជាប់ខ្សែព្រះរាជវង្សានុវង្ស ឬនរណាក៏ដោយ យើងសម្រេចចិត្តប្ដេជ្ញាការពារព្រះរាជាណាចក្រកម្ពុជាទី២ របស់យើងនេះ ហើយយើងក៏យល់ឃើញផងដែរថា រដ្ឋបាលដែលដកចេញ និងដាក់ចូល គឺតាមរយៈការបោះឆ្នោតនេះឯង»។

អាស្រ័យហេតុដូច្នេះ ការលើកឡើងរបស់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ គឺការប្រមាទប្រឆាំងនឹងរបបរដ្ឋ ក៏ដូចជាប្រឆាំងនឹងព្រះមហាក្សត្រ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ និងប្រឆាំងនឹងប្រជាពលរដ្ឋខ្មែរផងដែរ។ ប្រសិនបើប្រមាថដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលវិញនោះ គឺអាចនិយាយបានថា ជាការប្រមាថដល់ប្រជាពលរដ្ឋ លើសកន្លះនគរ ព្រោះថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋលើសកន្លះនគរ បោះឆ្នោតគាំទ្រធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស។

សូមជំរាបថា ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិធម្មិកោ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ​បាន​លើកឡើងថា របប​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​គណបក្ស​​ប្រជាជន​ថា ​ជា​​ «របប​តិរច្ឆាន»​ ខណៈ​​ដែល​សមាជិក​សភា​ អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​លោក​ ហុង លីម កំពុង​តែ​​ត្រូវ​បាន​ថ្កោល​ទោស ​ដោយ​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋាភិបាល ​បន្ទាប់ពី​លោក​បានប្រមាថ​​របប​ដឹកនាំ​បច្ចុប្បន្ន​ដូច​គ្នា​នេះ​​ ប៉ុន្តែនៅពេលនេះទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មចំពោះការប្រមាថនេះផងដែរ៕