(តាកែវ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងលោកស្រី ខៀវ បុប្ផាផល, លោកស្រី លី ហៀក ជា រតនា ព្រមទាំងក្រុមគ្រួសារ រួមជាមួយនាយទាហានដែលជាថ្នាក់ដឹកនាំក្នុងអគ្គបញ្ជាការដ្ឋាន នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បាននាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនទៅប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៧ នៅវត្តឈើទាលទងត្រា ស្ថិតក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ។

ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដែលត្រូវបាននាំយកទៅប្រគេនព្រះសង្ឃសម្រាប់វត្តទាំង៧នោះ រួមមាន៖ វត្តឈើទាលទងត្រា, វត្តអង្គមេត្រី, វត្តព្រៃផ្អាវ, វត្តខ្សឹង, វត្តអង្គសមាធិ, វត្តសូច័ន្ទ និងវត្តអង្អចង្អេរ ដែលក្នុងមួយវត្តៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកស្រី ខៀវ បុប្ផាផល និងលោកស្រី លី ហៀក ជា រតនា និងក្រុមគ្រួសារ រួមនិងនាយទាហានដែលជាថ្នាក់ដឹកនាំ ក្នុងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានប្រគេននូវសាដក ១កញ្ចប់, អង្ករ ៧០គីឡូក្រាម, មី ៤កេស, ទឹកក្រូច ៧កេស, បាកាស ២កេស, ទឹកបរិសុទ្ធ ៦កេស, នំធុង ១ធុង និងក្រៅពីនោះមានគ្រឿងឧបភោគ បរិភោគ និងគ្រឿងទេសជាច្រើនមុខទៀតផងដែរ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ និងលោកស្រី ក៏បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តទាំង៧ ក្នុងមួយអង្គៗ បច្ច័យ២០ម៉ឺនរៀល, ប្រគេនព្រះសង្ឃចូលរួម ២០អង្គ ក្នុងមួយអង្គ ១៥ម៉ឺនរៀល, បច្ច័យកសាងក្នុងមួយវត្តៗ ៥០ម៉ឺនរៀល, បច្ច័យវេនកាន់បិណ្ឌ ១លានរៀល, បច្ច័យកាន់បិណ្ឌភូមិចក ១លានរៀល, ជូនដល់អង្គភាពយោធា, ប្រជាការពារ, ប៉ូលីល និងអាវុធហត្ថមួយអង្គភាពៗ ថវិកា ២០ម៉ឺនរៀល និងចែកជូនដល់ចាស់សិលវត្តី និងពុទ្ធបរិស័ទដែលចូលរួមនៅថវិកាមួយចំនួនផងដែរ។

ក្នុងសេចក្តីជ្រះថ្លាប្រគេនទេយ្យវត្ថុ និងទេយ្យទានទាំងឡាយនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកស្រី ខៀវ បុប្ផាផល និងលោកស្រី លី ហៀក ជា រតនា រួមនឹងគ្រួសារ និងនាយទាហានជាថ្នាក់ដឹកនាំក្នុងអគ្គបញ្ជាការដ្ឋាន បានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងសព្វញាតិ្តកាទាំងអស់ ដែលបានចែកឋានរំលាយខណ្ឌទៅកាន់បរលោកខាងមុខ ព្រមទាំងបានឧទ្ទិសមហាកុសលនេះជូនផងដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស និងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិនៃកងយោធពលខេមរភូមិន្ទ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ពលីជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងទឹកដី នាពេលកន្លងមក សូមអ្នកទាំងនោះទទួលបានផល្លាអនិសង្ឃ ដែលបានធ្វើនៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៨នេះ ដល់អ្នកទាំងអស់នោះ បានសោយសុខទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

នាយឧត្តមសេនីយ៍ ក៏បានបួងសួងសូមសេចក្តីសុខចម្រើនកើតមានដល់ក្រុមគ្រួសារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល សូមទទួលបានសេចក្តីសុខចម្រើនជ័យមង្គល សិរីសួស្ដី បវរមហាប្រសើរ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើនរបស់រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសឈានឆ្ពោះទៅរកភាពកាន់តែរីកចម្រើនរុងរឿង៕