(ភ្នំពេញ)៖ សហគមន៍អឺរ៉ុបប្រចាំកម្ពុជាបានសម្តែងការគាំទ្រការដាក់ញតិរបស់ប្រជាពលរដ្ឋ ប្រមាណជា ២០០គ្រួសារ ដែលបាននាំគ្នាមកកាន់ ទីស្នាក់ការ អង្គការសមធម៌ កម្ពុជា ដើម្បីដាក់ញតិសុំដកយកស្នាមមេដៃរបស់ពួកគាត់វិញ ក្រោយពីប្រជាពលរដ្ឋ ទទួលបានសំណងដ៏សមរម្យ ពីក្រុមហ៊ុនដោះស្រាយរួចរាល់ហើយនោះ បន្ទាប់មកតំណាងប្រជាពលរខាងលើ ក៏បានយកញត្តិ ទៅដាក់នៅសហគមន៍អ៊ឺរ៉ុប ដោយខាងមន្រ្តីសហភាពអ៊ឺរ៉ុប មានការសាទរ ចំពោះដំណោះស្រាយ ដ៏ល្អនេះ។
តំណាងប្រជាពលរដ្ឋ លោក ចេង សុភាព អាយុ៤៨ឆ្នាំ រស់ភូមិត្រពាំងផ្លោត ឃុំត្រពាំងជោរ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានអោយដឹង ក្រោយពីបានចូលទៅដាក់ញត្តិនៅសហភាពអឺរ៉ុប នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ថា សហភាពអ៊ឺរ៉ុប បានសាទរចំពោះប្រជាពលរដ្ឋ ដែលបានទទួលសំណង យ៉ាងសមរម្យ ពីអ្វីដែលពួកគាត់ធ្លាប់ជួបកន្លងមក។
លោកបន្តថា ទាក់ទងបញ្ហាទំនាស់ដីធ្លីនេះ ខាងសហភាពអ៊ឺរ៉ុប កំពុងធ្វើការជាមួយ ជាមួយរដ្ឋាភិបាល ដើម្បីរៀបយន្តការមួយក្នុងការរកដំណោះស្រាយ ប៉ុន្តែចំពោះដំណោះស្រាយដែលស្វែងរកនោះ គឺមិនមែនសម្រាប់មួយគ្រួសារនោះទេ គឺសម្រាប់ជារួម។
ក្នុងនោះដែរតំណាងប្រជាពលរដ្ឋ ក៏បានស្នើរសុំដល់ សហភាពអឺរ៉ុប កុំធ្វើសកម្មភាពណាមួយ ប៉ះពាល់ដល់ក្រុមហ៊ុន ជាពិសេសប៉ះពាល់ ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើ ជាការឆ្លើយតប ខាងសហភាពអឺរ៉ុប បានអោយដឹងថា សហភាពអឺរ៉ុប មិនដែលមានគំនិតណាមួយ ដើម្បីដាក់គំនៀប និងធ្វើអោយខូចផលប្រយោជន៍នោះទេ ហើយម៉្យាងទៀតចំពោះរឿងដាក់សម្ពាធ ទៀតសោធ ខាងក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ គឺមិនបាននាំផលិតផល ទៅលក់ខាងអឺរ៉ុបនោះទេ។
សូមបញ្ជាក់ផងដែរថា នៅក្នុងញត្តិដែលប្រជាពលរដ្ឋដាក់ទៅសហភាពអ៊ឺរ៉ុបនោះ បានអោយដឹងថា ប្រជាពលរដ្ឋទាំងអស់តំណាងអោយ អ្នកភូមិ ៣៦៤គ្រួសារ រស់នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ សូមគាំទ្រចំពោះការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ (PPS) និងក្រុមហ៊ុន កំពង់ស្ពឺស៊ូហ្គឺ (KPS) ព្រោះការអភិវឌ្ឍន៍នេះ ធ្វើឡើងដើម្បី ផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ ក៏ដូចជា រាជរដ្ឋាភិបាលផងដែរ។
ក្នុងញត្តិដដែលនោះបន្តថា តំណាងប្រជាពលរដ្ឋ នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ សូមអំពាវនាវ សហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា ចាប់ពីពេលនេះតទៅ លុបចោលនូវអ្វី ដែលគេហៅថា "ស្ករឈាម" ហើយប្តូរមកជាំ "ស្ករស្អាតស្អំ" វិញ។ ជាមួយគ្នានេះដែរ ក៏សូមអំពាវនាវ អោយសហភាពអ៊ឺរ៉ុប ងាកមកធ្វើការជាមួយ ពួកយើងដែលជាតំណាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដោយផ្ទាល់ ដើម្បី
រួមគ្នាដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ដើយមិនត្រូវជឿលើរបាយការណ៍ តែម្ខាងរបស់ អង្គការសមធម៌កម្ពុជា នោះឡើយ៕