(កំពង់ធំ)៖ លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងធនាគារជាតិនៃកម្ពុជា តំណាងលោកបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកស្រី ខៀវ ស៊ីណា និងលោក ថា យ៉ាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញយកនូវទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យមកប្រគេន ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តចំនួន១៣ ក្នុងស្រុកស្ទោង នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣។

លោក ឈឹម ច័ន្ទកុសល បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់បណ្ឌិត ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ដែលតែងតែមានការនឹករលឹក ក៏ដូចជាចូលរួមយ៉ាងសកម្មជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាការចូលរួមកសាងនូវសមិទ្ធផលនានាជាច្រើនដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម និងសមិទ្ធផលនានាជាច្រើនទៀតក្នុងមូលដ្ឋាន។

លោក ឈឹម ច័ន្ទកុសល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះសង្ឃ ញាតិញោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបាននូវលទ្ធផលយ៉ាងត្រចះត្រចង់គ្រប់មូលដ្ឋាន ដែលនាំឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជន បន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាពតទៅមុខថែមទៀត។

លោកបានកោតសរសើរដល់អភិបាលស្រុកស្ទោង និងសហការីដែលបានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងគ្រាដែលកំពុងរងគ្រោះដោយទឹកជំនន់ក្នុងឆ្នាំ២០២៣នេះ ក៏ដូចជាការយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ និងរក្សានូវសន្តិសុខសុវត្ថិភាពជាពិសេសតាមបណ្ដាវត្តផ្សេងៗ ដែលកំពុងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនាប្រកបដោយសុវត្ថិភាពខ្ពស់។

គួរបញ្ជាក់ថា ក្នុងចំណោមវត្តទាំង១៣ខាងលើ ក្នុងមួយវត្តៗ ទទួលបាននូវបច្ច័យចំនួន ៥០០,០០០រៀល, អង្ករ៥០គីឡូក្រាម, មី៥កេស, ទឹកត្រី២យួរ, ទឹកស៉ីអ៉ីវ២យួរ, ភេសជ្ជៈ១កេស, ទឹកសុទ្ធ១កេស, ត្រីខ២យួរ, ទឹកដោះគោ១០កំប៉ុង និងស្ករសចំនួន៥គីឡូក្រាម៕