(ភ្នំពេញ)៖ ថ្នាក់ដឹកនាំវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានដាក់ចេញយុទ្ធសាស្ត្រផ្សព្វផ្សាយតាមរយៈការធ្វើសិក្ខាសាលានៅតាមសាលារៀននានា ដើម្បីទាក់ទាញសិស្សចូលរៀនជំនាញនានានៅក្នុងវិទ្យាស្ថាន។

នាថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣នេះ នាសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប្រាងហង្ស សេរីរិទ្ធ នាយកស្តីទីនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញបើកកម្មវិធីសិក្ខាសាលាតម្រង់ទិសជំនាញសិក្សារបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដល់សិស្សជាច្រើននាក់មកពីវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។ ពិធីក៏មានការអញ្ជើញចូលរួមពីលោកនាយករង លោក លោកស្រី ជាថ្នាក់ដឹកនាំវិទ្យាស្ថាន លោកនាយករងវិទ្យាល័យ មន្ត្រី-បុគ្គលិក ក្រុមការងារវិទ្យាស្ថាន និងមានការចូលរួមពី លោកគ្រូ អ្នកគ្រូ នាយកវិទ្យាល័យ និង អស់លោកជាវាគ្មិនកិត្តិយសផងដែរ។

កម្មវិធីនេះមានគោលបំណង ជួយតម្រង់ទិសសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សាថ្នាក់ទី១២ ឱ្យមានគោលដៅច្បាស់លាស់ ក្នុងការចាប់យកជំនាញស្របតាមទីផ្សារ និងបំណងប្រាថ្នាពិតប្រាកដរបស់ពួកគេ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានាក្រោយពីបញ្ចប់ថ្នាក់មធ្យមសិក្សា។

សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គ្រោងនឹងបើកទទួលនិស្សិតជំនាន់ទី៤ ចំនួន៣០០នាក់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ខាងមុខនេះលើជំនាញទាំង៦ រួមមាន៖

១) ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ
២) ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់
៣) ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក
៤) ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់
៥) ជំនាញបើកបរនាវា
៦) ជំនាញម៉ាស៊ីននាវា៕