(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន បានចេញមកបំភ្លឺពាក់ព័ន្ធការសង់ផ្លូវចូលទៅកាន់តំបន់ព្រៃឡើងក្នុងភូមិសាស្ត្រខេត្តក្រចេះ។ ការបំភ្លឺនេះ ដើម្បីតបទៅនឹងការផ្សាយរបស់វិទ្យុបារាំង។
កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វិទ្យុបារាំងអន្តរជាតិ (RFI) បានផ្សាយថាមានជនមិនស្គាល់មុខឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ផ្អែកលើរូបភាពផ្កាយរណប។ ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា រូបភាពពីផ្កាយរណបដែលវិទ្យុបារាំងផ្សាយនោះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទ។ សម្រាប់ក្រសួងបរិស្ថាន ការមិនបញ្ជាក់ពីកាលបរិច្ឆេទ ជាហេតុធ្វើឱ្យសាធារណជនមានការយល់ច្រឡំថា ជាករណីកំពុងតែកើតមានឡើងថ្មីៗនៅក្នុងតំបន់នោះ។
ក្រសួងបានបំភ្លឺថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានល្បាតជាប់ជាប្រចាំនៅក្នុងតំបន់នោះ មិនបានជួបប្រទះសកម្មភាពឈូសឆាយផ្លូវថ្មីចូលទៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខាងលើនោះទេ។ ក្រសួងបន្ថែមថា ចំពោះផ្លូវដែលព័ត៌មាន RFI បានផ្សាយ គឺជាករណីដែលក្រុមការងារពង្រឹងការអនុវត្តច្បាប់ បានបង្ក្រាប និងចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមរយៈសំណុំរឿងលេខ០២០/២៣ ស្ថ.ក្រច ដែលបច្ចុប្បន្នចៅក្រមស៊ើបសួរកំពុងចាត់ការតាមនីតិវិធី។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងបរិស្ថាន បានបញ្ជាក់ដែរថា រាល់សកម្មភាពបទល្មើស កាប់បំផ្លាញព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថានគ្រប់គ្រង គឺត្រូវបាន ចាត់វិធានការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី មិនមានការលើកលែងឡើយ៕