(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសេចក្តីបំភ្លឺថា ក្រោយពីមានបុរសម្នាក់ និងកូនប្រុសម្នាក់ទៀត បាននិយាយបង្ហោះខ្លឹមសារតាមបណ្តាញសង្គម TIKTOK ចោទប្រកាន់មកលើកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈរជើងនៅគោលដៅផ្សារធំថ្មីខណ្ឌដូនពេញ រាជធានីភ្នំពេញ ថាបានចាប់ឃាត់ម៉ូតូកូនគាត់ និងផាកពិន័យ ២២ម៉ឺនរៀល ហើយស្នើសុំថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនគាត់ផង។

ចំពោះករណីនេះ បើយោងតាមរបាយការណ៍បកស្រាយបំភ្លឺរបស់ការិយាល័យនគរបាលសណ្តាប់ធ្នាប់ឱ្យដឹងថា នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ខណៈដែលកម្លាំងនគរបាលបានបំពេញភារកិច្ចរៀបចំរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព នៅគោលដៅផ្សារធំថ្មី បន្ទាប់មកក៏ស្រាប់តែមានយុវជនប្រុសស្រី ២នាក់ ជាមិត្តភក្តិនឹងគ្នាជិះម៉ូតូ២គ្រឿង បានធ្វើដំណើរចេញពីផ្លូវលេខ៦៧ បើកឆ្ពោះចូលផ្លូវ១៣៦ នៅខាងត្បូង ឆៀងខាងលិចផ្សារធំថ្មី ដោយបានបើកបរបញ្ច្រាសទិសល្មើសផ្លាកសញ្ញាចរាចរណ៍នាំឱ្យមានហានីភ័យបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯង និងអ្នកដទៃ។

នៅពេលនោះសមត្ថកិច្ចក៏បានហៅឃាត់ម៉ូតូយុវជនទាំង០២គ្រឿង ដើម្បីសួរនាំ និងធ្វើការផាកពិន័យតាមគោលការណ៍ច្បាប់។ ប៉ុន្តែដោយមានការយោគយល់សមត្ថិច្ចក៏បានអនុញ្ញាតឱ្យម៉ូតូ០១គ្រឿងចេញទៅ ដោយមិនផាកពិន័យនោះទេ គឺផាកពិន័យម៉ូតូ០១គ្រឿងប៉ុណ្ណោះបើកដោយយុវជនឈ្មោះ សាន សានុត ម៉ូតូម៉ាកហុងដាគ្លីកស៊េរីឆ្នាំ២០២១ កម្លាំង១៥០សេសេ ដែលច្បាប់តម្រូវឱ្យមានបណ្ណបើកបរ។ ជាមួយគ្នានោះសមត្ថកិច្ចក៏បានណែនាំពន្យល់ប្រាប់យុវជននោះថាបើប្អូនបើកម៉ូតូកម្លាំង១៥០សេសេ គឺត្រូវមានបណ្ណបើកបរ។ ក្នុងករណីគ្មានបណ្ណបើកបរត្រូវផាកពិន័យ ១២ម៉ឺនរៀល ចំណែកល្មើសស្លាកសញ្ញាចរាចរណ៍ផាកពិន័យ ១០ម៉ឺនរៀល។ ប៉ុន្តែនៅពេលនោះសមត្ថកិច្ចយោគយល់ដោយប្រាប់ថាផាកពិន័យតែ ១០ម៉ឺនរៀប៉ុណ្ណោះ ទៅលើល្មើសផ្លាកសញ្ញាចរាចរណ៍ ហើយនៅពេលនោះសមត្ថកិច្ចមិនទាន់បានផាកពិន័យនោះទេ។

ស្រាប់តែយុវជននោះបានហៅទូរស័ព្ទទៅឪពុករបស់ខ្លួន មកគោលដៅកែងផ្សារធំថ្មីកន្លែងសមត្ថកិច្ចបំពេញភារកិច្ច ហើយបុរជាឪពុកបានមកដល់មិនស្តាប់ហេតុផលអ្វីទាល់តែសោះនិយាយស្រែកគំហកឡូឡាដាក់សមត្ថកិច្ចបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនឹងជាការរំខានដល់ការបំពេញភារកិច្ចរបស់មន្រ្តីរាជការសាធារណៈ។

ដោយគាត់ស្រែកថាម៉ូតូកូនគាត់នោះចាប់យកទៅខណ្ឌណាក៏យកទៅចុះ គាត់មិនខ្វល់នោះទេ។ ម៉ូតូខាងលើបន្ទាប់មកសមត្ថកិច្ចបាននាំយកមករក្សាទុកនៅទីស្នាក់ការនគរបាលសណ្តាប់ធ្នាប់ផ្សារធំថ្មី ហើយការិយាល័យបានធ្វើការទំនាក់ទំនងអញ្ជើញគាត់ដែលជាម្ចាស់ម៉ូតូ ឱ្យមកយកម៉ូតូតាំងពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ មកម្លេះ ដើម្បីមកធ្វើកិច្ចសន្យាអប់រំ-ណែនាំយកម៉ូតូទៅប្រើប្រាស់វិញ ប៉ុន្តែគាត់មិនបានចូលខ្លួនដោះស្រាយនោះទេ។

លុះនៅថ្ងៃទី០៦ ខែតុលា ស្រាប់តែបុរសជាឪពុក និងកូនបាននាំគ្នាបង្ហោះតាមបណ្តាញ TIKTOK សុំជួយអន្តរាគមពីថ្នាក់ដឹកនាំ ដើម្បីរកយុត្តិធម៌ និងបាននិយាយចោទប្រកាន់នគរបាលសណ្តាប់ធ្នាប់កែងផ្សារធំថ្មី ចាប់ម៉ូតូកូនគាត់ផាកពិន័យ ២២ម៉ឺនរៀលទៅវិញ។

ជាងនេះថែមទៀតក្រោយពីធ្វើការផ្សព្វផ្សាយនោះភ្លាមសមត្ថកិច្ចក៏បានព្យាយាមទំនាក់ទំនងម្ចាស់ម៉ូតូចូលមកដោះស្រាយ ប៉ុន្តែម្ចាស់ម៉ូតូខាងលើប្រាប់សមត្ថកិច្ចថាជាប់រវល់ទៅស្រុកទាល់តែ០៦ថ្ងៃទៀត ទើបចូលខ្លួនមកដោះស្រាយ៕