(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងថា នេះគឺជាប្រពៃណីដ៏ល្អមួយរវាងសមរភូមិក្រោយជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ ចែករំលែកផងដែរ ដែលក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រួមជាមួយវិស័យឯកជន បានចងសម្ព័ន្ធមេត្រីភាពរជាមួយកងកម្លាំងបញ្ជាការដ្ឋានយោធភូមិភាគទី៣។

ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណនាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែល បានលះបង់ គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដី ឲ្យបានគង់វង្ស និងផ្តល់នូវសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និង ប្រតិភូអំដំណើរ បានលើកទឹកចិត្តផ្តល់ជូនដល់កងទ័ព រួមមានរថយន្ត គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស និងថវិកាមួយចំនួនបន្ថែមទៀត។

សូមបញ្ជាក់ថា អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសបង្កើតឱ្យមានការចងសម្ព័ន្ធភាពរវាងក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងបញ្ជាការដ្ឋានយោធភូមិភាគទី៣ រួមជាមួយក្រុមហ៊ុន អិល វ៉ាយ គ្រុប ដើម្បីលើកកម្ពស់វិស័យការពារជាតិ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាល្អ ព្រមទាំងបានធ្វើការផ្គត់ផ្គង់ ឧបត្ថម្ភគាំទ្រ ក្នុងការកសាងទីតាំងអង្គភាពការពារសន្តិសុខ និងការពារទឹកដីដ៏រ៉ឹងមាំ៕