(តាកែវ)៖ បន្ទាប់ពីបានចុះទៅបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំកុមារាជា ដើម្បីពង្រឹងការងាររបស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពិសេសការជំរុញឲ្យអនុវត្តវិធានការតឹងរឹង ក្នុងការលុបបំបាត់ការសេព ប្រើប្រាស់ ការជួញដូរគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម និងបងតូចបងធំរួចមក, លោក ស្វាយ ស៊ីថា និងក្រុមការងារ បានចុះទៅពិនិត្យមើលការអនុវត្តការងារជាក់ស្តែង នៅក្នុងភូមិមួយចំនួន នៃឃុំកុមារាជា ជាពិសេសតាមដានការអនុវត្តការងាររបស់ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីប៉ុស្តិ៍នគរបាលឃុំ ដែលបានធ្វើការប្តេជ្ញាចិត្តពង្រឹងការងារឱ្យបានល្អ ក្នុងវេទិកាសាធារណៈ កាលពីពេលកន្លងមកនោះ។
ការចុះទៅជួបផ្ទាល់រវាងលោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមារាជា ជាមួយប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធ គឺលោក បានសម្របសម្រួលការងារមួយចំនួនជាមួយនគរបាលបុស្តិ៍ ជំរុញឲ្យអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺត្រូវទប់ស្កាត់ និងបញ្ចប់មិនឲ្យមាននូវក្រុមបងតូចបងធំ នឹងអ្នកប្រើប្រាស់អាវុធខុសច្បាប់ ដែលបានយកឈ្មោះថ្នាក់ដឹកនាំមកប្រើផងដែរ។
ក្រៅពីពង្រឹងការដោះស្រាយបញ្ហាអសកម្មក្នុងឃុំ លោក ស្វាយ ស៊ីថា ក៏បានជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងបានទទួលយកសំណូមពរ របស់លោកគ្រូអ្នកគ្រូ សាលាបឋមសិក្សាក្រាំងពង្រ ក្នុងឃុំកុមារាជា ដែលស្នើឱ្យជួយស្តារអណ្តូងទឹកក្នុងសាលារៀននេះ ដែលនៅខ្វះខាតថវិកាបដិភាគចំនួន ៥៥០,០០០រៀល។ ក្រៅពីនេះ លោក ស្វាយ ស៊ីថា ក៏បានដឹកនាំក្រុមការងារមួយចំនួនចុះមើលផ្លូវដែលក្រុមហ៊ុនឯកជនដឹកដីធ្វើឱ្យខូច ពិបាកដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងភូមិច្បារមន ហើយដែលបញ្ហានេះត្រូវបានប្រជាជនស្នើសុំឱ្យជួយដោះស្រាយជាបន្ទាន់ និងបន្តចុះទៅពិនិត្យមើលផ្លូវ និងកន្លែងបង្ហូរទឹកចេញ ក្នុងភូមិត្រពាំងផ្លុងផងដែរ។
បន្ទាប់មក លោក ស្វាយ ស៊ីថា ក៏បានចុះសួរសុខទុក្ខ និងទទួលយកសំណូមពរពីប្រជាជនមួយចំនួន ដូចជានៅភូមិថ្មី ភូមិត្រពាំងផ្លុង និងភូមិសេរីមានជោគ។ល។ និងថែមទាំងបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះជាច្រើនគ្រួសារ ដែលជាកាយវិការដ៏ប្រពៃក្នុងវប្បធម៌នៃការចែករំលែកគ្នាទៅវិញទៅមក ក៏ដូចជាការអនុវត្តនូវកាតព្វកិច្ចជាថ្នាក់ដឹកនាំក្រុមការងារ ឬក្នុងនាមជាមន្ត្រីល្អជាមួយប្រជាពលរដ្ឋ ក្នុងស្មារតីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ដើម្បីភាពរីកចំរើន និងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្រៅពីនេះ លោក និងក្រុមការងារ បានចុះពិនិត្យមើលការងារដាំដុះរបស់ប្រជាជនក្នុងភូមិព្រៃស្លែង ក្រោយពីក្រុមការងារបានចែកជូនកូនដំណាំដល់ប្រជាពលរដ្ឋ ដែលរួមមាន ដូចជា កូនម្រុំ កូនដូងក្រអូប និងកូនឬស្សីផ្អែមនាពេលកន្លងមក។ លោក ស្វាយ ស៊ីថា ក៏បានចុះត្រួតពិនិត្យ និងសំណេះសំណាលការងារ ក៏ដូចជាលើកទឹកចិត្តដល់ប្រជាការពារក្នុងភូមិព្រៃស្លែង ឱ្យខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អ ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិ និងថែមទាំងបានជួបជុំពិសារអាហារសាមគ្គីជាមួយប្រជាការពារភូមិ ដែលម្ហូបអាហារទាំងនោះចម្អិនផ្ទាល់ដោយស្នាដៃក្រុមប្រជាការពារភូមិ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕