(ភ្នំពេញ)៖ ថ្ងៃសីល ថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ត្រូវនឹងបិណ្ឌទី៨ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News និងថ្នាក់ដឹកនាំ ព្រមទាំងមេធាវី និងបុគ្គលិកទាំងអស់ បានអញ្ជើញទៅចូលរួមកាន់បិណ្ឌទី៨ វត្តសម្តេចកែវ ហៅវត្តត្រាចទង ស្ថិតនៅភូមិត្រាចទង ឃុំក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ លោក លឹម ជាវុត្ថា រួមជាមួយក្រុមការងារ Fresh News ទាំងអស់ បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណីជាច្រើនមុខ វេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់ វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។

ជាមួយគ្នានោះ លោក លឹម ជាវុត្ថា ក៏បានប្រគេនព្រះគ្រូចៅអធិការវត្តបច្ច័យចំនួន ៤,០០០,០០០រៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តសម្តេចកែវ ព្រមទាំងប្រកាសចូលរួមបុណ្យកឋិនទានរបស់វត្តនៅពេលខាងមុខនូវថវិកាចំនួន៤លានរៀលទៀត។

ថ្នាក់ដឹកនាំ និងក្រុមការងារ Fresh News គ្រប់គ្នាបានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយនឹងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាម ទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ ហើយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕