(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសារចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រឡាញ់ភ្នែករបស់អ្នកពេលបំពេញការងារ» ដែលនឹងប្រារព្ធធ្វើនាថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់នៃការថែទាំ និងការពារសុខភាពភ្នែក។

តាមរយៈសារអបអរសាទររបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០មក អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារអន្តរជាតិ សម្រាប់បង្ការភាពពិការភ្នែក បានរៀបចំទិវាសុខភាពភ្នែកពិភពលោក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ទី២ នៃខែតុលារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏តែងតែបានចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ជារៀងរាល់ឆ្នាំផងដែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង
ពីការថែទាំសុខភាពភ្នែកជូនដល់ប្រជាពលរដ្ឋផងដែរ៕