(កំពង់ឆ្នាំង)៖ អាណិតលោកយាយម្នាក់ ខំសន្សំប្រាក់បានបន្តិចបន្តួចសម្រាប់ទុកធ្វើបុណ្យ និងដោះស្រាយជីវភាពប្រចាំថ្ងៃ និងទុកសម្រាប់ទិញថ្នាំសង្កូវព្យាបាលខ្លួន តែត្រូវបានចោរចូលលួចតែមួយពព្រិចភ្នែកអស់គ្មានសល់ ដែលធ្វើឲ្យគាត់មានការសោកស្ដាយជាពន់ពេក ដោយសារតែប្រាក់ដែលគាត់ខំសន្សំជាច្រើនខែឆ្នាំមកហើយនោះត្រូវបាត់បង់អស់គ្មានសល់។

លោកយាយខាងលើនេះមានឈ្មោះ ពត ណុន អាយុ៧៨ឆ្នាំ លោកយាយជាជនមានពិការភាព ដោយរូបគាត់មានជំងឺស្វិតសសៃ និងស្វិតជើងដៃដើរមិនរួច ដេកនៅតែលើគ្រែអស់រយៈពេលជាង៥ឆ្នាំមកហើយ លោកយាយរស់នៅជាមួយចៅស្រីម្នាក់ ដែលលោកយាយបានសុំពីក្មួយយកមកចិញ្ចឹមតាំងពីតូច បច្ចុប្បន្នលោកយាយមានទីលំនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បើតាមការរៀបរាប់របស់ចៅស្រីរបស់លោកយាយ នាងបានឲ្យដឹងថា ជារៀងរាល់យប់រូបនាង និងលោកយាយរបស់ខ្លួនមិនដែលឡើងដេកនៅលើផ្ទះនោះទេ គឺដេកនៅតែក្រោមផ្ទះនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោ យសារតែលោកយាយគាត់ឡើងទៅលើផ្ទះមិនរួច។ រីឯនៅយប់កើតហេតុ វេលាម៉ោងប្រមាណជា ២៖៣០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មានបុរសម្នាក់ឃ្លុមមុខក្រមាជិត និងមានពាក់មួកផងនោះ បានចូលមកខាងក្រោមផ្ទះរបស់នាង និងបានធ្វើសកម្មភាពលួចយកកាបូបតូចដែលមានលុយនៅក្នុងនោះ។ កាបូបតូចនោះ លោកយាយរបស់នាងទុកនៅលើគ្រែចុង ជើងកន្លែងដែលលោកយាយ និងនាងដេករាល់យប់ ដោយបានបានយកដបទឹកត្រី ទឹកស៉ីអ៊ីវចំនួន២យួរ និងកន្ត្រក កញ្ជើសង្កត់ពីលើផងដែរ។

នាងបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីនាងបានភ្ញាក់ឡើងឃើញចោរចូលផ្ទះ លោកយាយ និងរូបនាងមិនបានស្រែកនោះទេ ស្របពេលនោះដែរ ចោរនោះក៏បានរត់ចេញពីផ្ទះ ឃើញដូច្នេះនាងក៏បានដេញតាមពីក្រោយហើយឃើ ញចោរនោះទាញយកកង់ដែលចោរនោះបានទុកចោលនៅលើថ្នល់ជិះរត់គេចខ្លួនបាត់។

ខណៈនោះដែរនាងក៏បានដាស់អ្នកជិតខាងឲ្យជួយដេញតាម តែមិនអាចតាមទាន់ចោរនោះឡើយ។ ចំណែកទូរស័ព្ទរបស់នាងមួយគ្រឿងដែលដាក់នៅក្បែរខ្លួនក៏ត្រូវចោរនោះយកទៅផងដែរ ប៉ុន្តែនៅ ពេលចោរនោះជិះកង់ចេញបានប៉ុន្មានជា១០០ម៉ែត្រ ក៏បានបោះទូរស័ព្ទនោះចោល លុះព្រឹកឡើងអ្នកស្រុកដែលរើសបានទូរស័ព្ទរបស់នាង ពេលឃើញមានអ្នកតេទៅច្រើន ហើយស្គាល់លេខនិងស្គាល់ម្ចាស់ទូរស័ព្ទផងនោះ ក៏បានយកទូរស័ព្ទនោះមកឱ្យនាងវិញ លុះព្រឹកឡើងលោកយាយ និងរូបនាងក៏បានរាយការណ៍ជូនលោកមេភូមិ និងបានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានផងដែរ។

ករណីនេះដែរ លោកយាយ ក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងដែរថា ប្រាក់ដែលចោរយកទៅនោះ គឺមានចំនួន២លាន និង២០ម៉ឺនរៀល ជាប្រាក់ដែលកូនក្មួយ និងអ្នកភូមិជូនមកលោកយាយពីមុនមកខ្លះ នៅក្នុងពេលកាន់បិណ្ឌប៉ុន្មានថ្ងៃនេះខ្លះ ដើម្បីទុកឲលោកយាយដោះស្រាយជីវភាព និងទិញថ្នាំសង្កូវព្យាបាលខ្លួន និងខ្លះទៀតសម្រាប់ធ្វើបុណ្យទានក្នុងរដូវភ្ជុំនេះ។

លោកយាយមិនដែលហ៊ានចាយផ្ដេសផ្ដាសនោះទេ ទុកសម្រាប់ពេលដែលលោកយាយកើតមានអាសន្នអន់ក្រអីទៅ គឺបានប្រាក់បន្តិចបន្តួចនេះហើយសម្រាប់ដោះស្រាយ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកយាយ និងចៅស្រីក៏បានសំណូមពរដល់សមត្ថកិច្ច មេត្តាជួយតាមស្រាវជ្រាវ ក្រែងរកឃើញជននោះ នឹងបានប្រាក់ខ្លះយកមកជូនលោកយាយវិញ ករណីនេះលោកយាយក៏មិនមានការបន្ទោសទៅលើអ្នកណានោះដែរ នេះគឺជាកំហុសរបស់លោកយាយ និងចៅ ស្រីខ្លួនឯងដែលមានការធ្វេសប្រហែស។

សូមបញ្ជាក់ថា ចំពោះលោកយាយខាងលើនេះកន្លងមកអង្គភាពព័ត៌មាន Fresh News និងមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង រួមទាំងអាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់បានចុះយកអំណោយមកជូនលោក យាយចំនួន២លើកមកហើយដែរ។

ដោយឡែករាល់ពេលដែលយកអំណោយមកជូនលោកយាយទាំង២លើកនេះ អាជ្ញាធរឃុំ និងលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្ត ក៏ធ្លាប់បានមកចុះឈ្មោះលោក យាយដើម្បីធ្វើប័ណ្ណពិការភាព សម្រាប់បើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន២លើកផងដែរ តែមកដល់ពេលនេះមានរយៈពេលជិត២ឆ្នាំហើយ លោកយាយពុំទាន់បានទទួលបានប័ណ្ណនោះនៅឡើយទេ។

ពាក់ព័ន្ធនិងប័ណ្ណឧបត្ថម្ភសាច់ប្រាក់របស់ជនមានពិការភាព សម្រាប់បើកសាច់ប្រាក់ពីរាជរដ្ឋាភិបាលរបស់ជនមានពិការភាពនេះដែរ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង ក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងដែរថា ប័ណ្ណនេះគឺមិនទាន់ធ្លាក់មកដល់នៅឡើយនោះទេ តែលោកបានបញ្ជាក់ថា ប្រហែលជាជិតធ្លាក់មកដល់ក្នុងពេលឆាប់ៗនេះហើយ៕