(កែប)៖ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោក សោម ពិសិដ្ឋ អភិបាលខេត្ត ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អជ្ញាធរ ក្រុមយុវជន សិស្សនិស្សិត ប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធជាច្រើននាក់ ចូលរួមពិធីប្រារព្ធ និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគ បៃតង» អមជាមួយទិវា ពិភពលោកស្អាតឆ្នាំ២០២៣។

ពិធីនេះបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណឆ្នេរកែប ស្ថិតក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានលើកឡើងថា ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក​ ត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក ក្នុងគោលបំណង បំផុសនិងបញ្ជ្រាបការយល់ដឹងជាសាធារណ: ពីតួនាទីដ៏មានសារ:សំខាន់ នៃវិស័យទេសចរណ៍ក្នុងការចូលរួម ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ និងចូលរួមដល់កិច្ចការពារ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងបរិស្ថាន ក៏ដូចជាបំផុសឲ្យគ្រប់ភាគីពាក់ព័ន្ធ​ ចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមាននិរន្តរភាព និងការទទួលខុសត្រូវ។

នាឱកាសនោះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានអាននូវសារដ៏មានសារៈសំខាន់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានលើកឡើងថា ដើម្បីបង្កើនការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍ ក្រសួងបានដាក់ចេញនូវយុទ្ធនាការនានា ជាពិសេសជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លា តាមរយៈការជំរុញការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» យុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី «ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី» យុទ្ធនាការផ្សព្វផ្សាយ ក្រោមគុណតម្លៃ «ភាពជាខ្មែរ» ជាដើម។

លោកអភិបាលខេត្ត បានបន្តថា ដើម្បីឱ្យកំណើនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តកែបមានការកើនឡើងថែមទៀតនោះ យើងបានផ្តោតពីសារៈសំខាន់នៃភាពស្អាតរបស់ទីក្រុង និងទីប្រជុំជនសំដៅការចូលរួម ធ្វើឱ្យបរិស្ថានស្អាត ប្រកបដោយអនាម័យ ដែលមានសណ្តាប់ធ្នាប់រៀបរយ មានការធានានូវសុខសុវត្ថិភាពពេញលេញ និងមានការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាពជាដើម។

លោកអភិបាលខេត្ត ក៏បានស្នើឱ្យមន្ទីរទេសចរណ៍ខេត្ត និងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌយើងនេះ ក៏ដូចជាថ្ងៃទៅអនាគត ត្រូវធ្វើការណែនាំដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាព ទេសចរណ៍ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យច្បាស់លាស់។

គួររំលឹកថា ក្រោយបញ្ចប់ការប្រារព្ធពិធីខាងលើ អ្នកដែលបានចូលរួមទាំងអស់ ក៏បានចែកមុខសញ្ញាដើរសំអាតអនាម័យនៅជុំវិញក្រុងកែប និងស្រុកដំណាក់ចង្អើរ រួមជាមួយនឹងតំបន់ទេសចរណ៍ដទៃទៀត ក្នុងន័យបំផុសចលនា មហាជនឲ្យ ជ្រួតជ្រាបពីការថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងខេត្តទេសចរណ៍មួយនេះ៕