(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លោកវេជ្ជ. អ៊ុយ សំអុន នាយករងនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ក្រុមប្រតិបត្តិសាខា អនុសាខាវាលវែង បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២២៥គ្រួសារ មកពី១៦ភូមិ ឃុំប្រម៉ោយ និងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកវេជ្ជ. អ៊ុយ សំអុន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះបំផុត ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពនិងប្រុងប្រយ័ត្នខ្ពស់ចំពោះចាស់ជរា និងកុមារដោយយថាហេតុណាមួយ និងសូមប្រកាន់ភ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលនិងប្រកបមុខរបរផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។

លោកវេជ្ជ អ៊ុយ សំអុន មានប្រសាសន៍ថា «នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នេះ គឺតំបន់ដែលទទួលរងនូវសម្ពាធទាបធ្វើឲ្យមានជំនន់ភ្លៀងយ៉ាងឆាប់រហ័ស និងមានកម្លាំងទឹកហូរខ្លាំង ដែលធ្វើឲ្យផលប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិ ដំណាំស្រូវ ចម្ការមួយចំនួន របស់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ខូយ រីដា ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងបានធ្វើការស្នើសុំជំនួយពីទីស្នាក់កណ្តាលភ្លាមៗ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានទាន់វេលា។

លោកគូសបញ្ជាក់ថា នេះគឺថ្ងៃទី៤ហើយ ដែលក្រុមការងាររបស់កាកបាទក្រហមកម្ពុជា ស្នាក់ការកណ្តាលដែលបានសហការជាមួយសាខាខេត្តពោធិ៍សាត់ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ សរុបចំនួន ១,៨៤៥គ្រួសារ ដែលមានប្រជាពលរដ្ឋរងគ្រោះ ចំនួន៤ក្រុងស្រុក ក្នុងខេត្តពោធិ៍សាត់។

លោកវេជ្ជបានបន្ដថា «អំណោយដែលយកមកចែកជូនបងប្អូននៅពេលនេះ គឺបានមកពីការំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ដល់បងប្អូនគ្រប់ពេលវេលា។ សព្វថ្ងៃនេះដោយសារការប្រែប្រួលអាកាសធាតុជាសកល បានបង្កឲ្យមានផលប៉ះពាល់ ទៅលើផ្នែកកសិកម្ម, សុខភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ជាតិមួយចំនួនត្រូវបានកាត់ផ្ដាច់។ ម្យ៉ាងវិញទៀតក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ឃើញថាព្រឹត្តិការណ៍គ្រោះមហន្តរាយផ្សេងៗមានទំហំធំហើយញឹកញាប់ និងរងគ្រោះធ្ងន់ធ្ងរជាមុន។

កាលពីម្សិលមិញក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយពាក់ព័ន្ធទៅនឹងបញ្ហាអាកាសធាតុ តើប្រជាពលរដ្ឋត្រូវធ្វើខ្លួនយ៉ាងមិចដើម្បីត្រៀមបង្ការ មុនពេល ក្នុងពេល នឹងក្រោយពេលគ្រោះទឹកជំនន់។ ដូចនេះហើយកាកបាទក្រហមកម្ពុជា មិនមែនធ្វើតែការផ្តល់អំណោយសង្គ្រោះនោះទេ គឺយើងធ្វើការងារពាក់ព័ន្ធទៅនឹងការងារសុខភាពសាធារណៈ ហើយរដូវនេះជារដូវភ្លៀង កាកបាទក្រហមមានការចុះអប់រំផ្សព្វផ្សាយ អំពីជំងឺគ្រុនឈាម គ្រុនឈីក គ្រុនចាញ់ និងមានការងារបរិស្ថាន ហើយកាកបាទក្រហមកម្ពុជា ក៏បានចូលរួមនិងផ្សព្វផ្សាយតាមរយៈអ្នកស័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមការត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ផងដែរ។

ជាមួយគ្នានេះលោក ខូយ រីដា បានថ្លែងអំណរគុណចំពោះ យុវជន អ្នកស្ម័គ្រចិត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលសម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្តែងថ្មីៗនេះសាខាខេត្តពោធិ៍សាត់បានធ្វើការស្នើសុំនូវជំនួយសង្រ្គោះបន្ទាន់ជូនបងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយសម្តចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឯកភាពនូវសុំណើនេះភ្លាមផងដែរ និងសូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានសុខភាពល្អបរិបូរណ៍ កម្លាងំស្មារតី ឈ្លាសវៃ នូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។

សម្រាប់គ្រួសាររងគ្រោះខាងលើនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងទឹកស៊ីអ៊ីវ ឬទឹកត្រី ៦ដប។