(ព្រៃវែង)៖ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្តេច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នេះ បានអញ្ជើញកាន់បិណ្ឌទី៨ នៅវត្តតាគោក/ឃុំល្វា វត្តប្របុសរលួយ/ឃុំបន្ទាយចក្រី និងវត្តដូនស្តើង /សេនារាជឧត្តម ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើតាមលោកតាអាចារ្យ បានលើកឡើងថា ការចូលរួមកាន់បិណ្ឌនេះ ដើម្បីបង្អោនចិត្តគោរពដល់គុណព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់ជីដូនជីតា ឪពុក ម្តាយ បងប្អូន និងញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅហើយ និងដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តី ដែលកើតពីផលទានរបស់ខ្លួនផង។

ពិធីបុណ្យនេះ ក៏ដើម្បីឲ្យពុទ្ធបរិស័ទបានជួបជុំគ្នា ទទួលនូវពាក្យអប់រំទូន្មានរបស់ព្រះពុទ្ធឲ្យស្គាល់បាប បុណ្យ គុណ ទោស និងខិតខំសាងអំពើល្អនៅក្នុងដំណើរចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។

ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះជាពិធីមួយសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនា តាំងពីបុរមបុរាណមក ដើម្បីផ្តល់ឱកាសឲ្យកូនចៅដែលនៅរស់ អាចឧទ្ទិសមគ្គផលកុសលបុណ្យ ជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួនផងពោលគឺជឿលើកម្មផល បុណ្យ និងបាបជាដើម៕